សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំ ទៅក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានកំពុងតែវង្វេងប្រវត្តិសាស្រ្តនោះថា កុំបង្វែរស្ថានការណ៍ឲ្យក្តៅ និងញុះញង់អុចអាលពលរដ្ឋឲ្យមានការយល់ច្រឡំខុសពីការពិតទាក់ទងនឹងបញ្ហាកោះគុតឲ្យសោះ ខណៈកោះនេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានកំពុងរកដំណោះស្រាយគ្នាជាទ្វេភាគី និងដោយសន្តិវិធីផងដែរ។
ផ្ញើសារចេញពីកម្មវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាប៉ុន្មានថ្ងៃមកនេះមានក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានក្រុមក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងធ្វើ ការញុះញង់អុចអាលនោះ បានកំពុងយកបញ្ហាកោះគុតបញ្ឆេះពលរដ្ឋឲ្យមានការភ័នច្រឡំធ្វើបាតុកម្មប្រឆាំង នឹងរាជរដ្ឋាភិបាល និងរុញរាជរដ្ឋាភិបាលឲ្យប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អនុ្តរជាតិ ICJ ហើយតាមរយៈការញុះញង់ពីជនអគតិទាំងនោះអាចនឹងធ្វើឲ្យកម្ពុជា និងថៃមើលមុខគ្នាមិនចំ រហូតអាចឈានដល់ផ្ទុះអាវុធផងដែរ។ សម្តេចតេជោ បានបន្ថែមទៀតថា «ដំបៅមិនឈឺយកឈើចាក់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការប្តឹងផ្តល់គ្នាទៅតុលាការយុត្តិធម៌អន្តរជាតិលើបញ្ហាកោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះ មិនមែនជាការងាយស្រួលនោះទេ ខណៈបញ្ហាកោះគុតនេះ កម្ពុជាមានក្រុមក្បត់ជាតិបីជំនាន់ជាអ្នកបញ្ឆេះ ហើយខាងភាគីថៃ ក៏មានក្រុមជ្រុលនិយម បានកំពុងបញ្ឆេះរឿងនេះដែរ ដែលកត្តានេះ អាចនឹងធ្វើឲ្យកម្ពុជា និងថៃមានបញ្ហា ដាក់គ្នាដូចករណីប្រាសាទព្រះវិហារ និងកោះតាក្របីយ៉ាងដូច្នេះដែរ៕ អត្ថបទបាន ចក់