
ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការធ្លាក់ចុះ ដោយសារតម្លៃដឹកជញ្ជូនឡើងថ្លៃ, កង្វះទូកុងទឺណ័រ, ការកាត់បន្ថយការបញ្ជាទិញ និងតម្រូវការអង្ករក្រអូបថយចុះ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២១នេះ អង្ករនាំចេញទៅទីផ្សារក្រៅប្រទេសបានចំនួន ៤១០ ៦៩៨តោន គឺធ្លាក់ចុះប្រមាណ ៧៨ ០៧៧តោន ពោលថយចុះ ១៥,៩៧ភាគរយ ធៀបនឹងឆ្នាំ២០២០។
យោងតាមឯកឧត្តម វេង សាខន បញ្ហាចម្បងៗ ដែលធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះនោះគឺ បណ្ដាលមកពីតម្លៃដឹកជញ្ជូនតាមកប៉ាល់ ឡើងថ្លៃពី ១៥០០ដុល្លារ ដល់ចន្លោះពី៧ ០០០-៨ ០០០ដុល្លារ ក្នុងមួយកុងទឺណ័រ ដែលមានទំហំ២០ហ្វីត។
តម្លៃការដឹកជញ្ជូនថ្លៃនេះ បានជះឥទ្ធិពលដល់ការបញ្ជាទិញរបស់ឈ្មួញ ដោយរងចាំថ្លៃដឹកជញ្ជូនធ្លាក់ថ្លៃវិញ និងពិចារណាលើការទិញចូល។ ដោយសារបញ្ហានេះ ការបញ្ជាទិញសម្រាប់តែផ្គត់ផ្គត់តម្រូវការជាក់ស្ដែងប៉ុណ្ណោះ ដោយមិនសម្រាប់ស្តុកទុកឡើយ។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកជំនាញភស្តុភារកម្មនៅកម្ពុជាមានសុទិដ្ឋិនិយមថា វិស័យដឹកជញ្ជូននឹងមានការងើបឡើងវិញ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញ ផែនការបើកប្រទេសឡើងវិញដោយបន្ថយការធ្វើចត្តាឡីស័កផ្សេងជាដើម។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា នៅរសៀលថ្ងៃទី២១ តុលា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័តមាន ប៊ីធីវីថា ចាប់តាំងពីមានស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩ក្នុងឆ្នាំ២០២០ រហូតមកទល់សព្វថ្ងៃនេះ វិស័យដឹកជញ្ជូននៅតែមានបញ្ហាប្រឈម ប៉ុន្តែក៏មើលឃើញថា មកដល់បច្ចុប្បន្ននេះទោះបីជាយ៉ាងណាដោយសារមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសឹងតែ១០០% និងឈានដល់ដូសជំរុញថែមទៀត។
ថ្មីៗនេះក៏ទទួលបានព័តមាននូវការរៀបចំកាត់បន្ថយពីការធ្វើចត្តាឡីស័ក ដែលទាំងនេះជាក្តីរំពឹង និងជឿជាក់ក្នុងការបើកប្រទេសឡើងវិញ ដែលក្នុងនាមវិស័យឯកជនគឺលោកសង្ឃឹមថា នឹងមានការងើបឡើងវិញ។
ដោយឡែក ការដឹកជញ្ជូនតាមផ្លូវទឹក លោកបានលើកឡើងថា ហាក់មិនមានការរាំងស្ទះទេ ប៉ុន្តែក៏មានកត្តា២ដែរ ដែលជាផលប៉ះពាល់ក្នុងការនាំចេញផលិតផលកសិកម្ម ដូចជា១.អង្ករដែលត្រូវនាំចេញឆ្លងទ្វីប ដូចជាទៅអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម ធ្វើឲ្យថ្លៃដឹកជញ្ជូនឡើងខ្ពស់ហួសហេតុដែលធ្វើឲ្យមានការរាំងស្ទះ ដែលអាចនិយាយថា ឡើង១គុណនឹង១០តាមកប៉ាល់ទឹកដែលឆ្ងាយ និង២.កង្វះទូកុងតឺន័រ៕ អត្ថបទ៖ ឈិត បូរ៉ាវី