អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីថ្ងៃពុធ (២០ វិច្ឆិកា) ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បានចាត់វិធានការដើម្បីលើកលែងប្រាក់ប្រហែល ៤,៧ពាន់លានដុល្លារ នៅក្នុងប្រាក់កម្ចីរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ខណៈក្រុមមន្ត្រីដែលជិតផុតអាណត្តិ ព្យាយាមធ្វើអ្វីដែលអាចធ្វើបានមុនពេលចាកចេញពីតំណែងដើម្បីជំរុញអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

គួររម្លឹកថា សេចក្ដីស្នើច្បាប់ផ្តល់មូលនិធិមួយ ដែលសភាអាមេរិកបានអនុម័តកាលពីខែមេសា រួមបញ្ចូលប្រាក់កម្ចីដែលអាចលើកលែងបានជាង ៩,៤ពាន់លានដុល្លារ សម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងថវិកា ដល់រដ្ឋាភិបាលអ៊ុយក្រែន ប៉ុន្តែពាក់កណ្តាលនៃមូលនិធិនោះអាចត្រូវប្រធានាធិបតី លុបចោលក្រោយថ្ងៃទី១៥ ខែវិច្ឆិកា។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់ថវិកាសរុបចំនួន ៦១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងសង្រ្គាម ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោក Miller បានប្រាប់សន្និសីទសារព័ត៌មានមួយថា "យើងបានចាត់វិធានការ ដែលបានចែងនៅក្នុងច្បាប់ ដើម្បីលុបចោលប្រាក់កម្ចីទាំងនោះ" ហើយជំហាននេះត្រូវបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែសភាក៏នៅតែអាចរារាំងវិធានការនេះបានដែរ។

លោកប្រធានាធិបតី Joe Biden បានបញ្ជាឱ្យមន្រ្តីប្រញាប់ប្រញាល់ផ្តល់ជំនួយជាច្រើនដល់អ៊ុយក្រែនតាមដែលអាចធ្វើបាន មុនលោកចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ស្របពេលមានក្ដីបារម្ភថា ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Donald Trump អាចដាក់កម្រិតលើការគាំទ្ររបស់សហរដ្ឋអាមេរិក៕