អូស្ត្រាលី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) នេះថា ក្មេងជំទង់ជនជាតិអូស្ត្រាលីម្នាក់បានស្លាប់បន្ទាប់ពីបានផឹកស្រាមានជាតិពុលនៅក្រុងវ៉ាងវៀង (Vang Vieng) ប្រទេសឡាវ ហើយអាមេរិកក៏បញ្ជាក់ថា ជនជាតិអាមេរិកម្នាក់ក៏បានស្លាប់ក្នុងហេតុការណ៍ដូចគ្នានេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤នាក់ក្នុងជុំវិញការពុលជាតិអាកុល។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រាប់សភាថា នារីវ័យ ១៩ឆ្នាំម្នាក់ឈ្មោះ Bianca Jones បានស្លាប់ ក្រោយជម្លៀសពីឡាវ ទៅព្យាបាលនៅក្នុងមន្ទីរពេទ្យថៃ ហើយមិត្តភក្តិរបស់នាង វ័យ ១៩ឆ្នាំដូចគ្នានេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថៃ។

ស្ត្រីជនជាតិអូស្ត្រាលីទាំងពីរនាក់នោះបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៣ វិច្ឆិកា បន្ទាប់ពីផឹកស្រាក្នុងពិធីជប់លៀងពេលយប់មួយ។ ពួកគេត្រូវបានជឿថា បានផឹកភេសជ្ជៈដែលមានជាតិមេតាណុល ដែលជួនកាលប្រើជាជាតិអាល់កុលក្នុងស្រាក្រឡុកនៅតាមបារ ដែលអាចបណ្តាលឱ្យពុលធ្ងន់ធ្ងរ ឬស្លាប់។

ទន្ទឹមនឹងនេះ អាមេរិកបានបញ្ជាក់ប្រាប់សារព័ត៌មាន AP ថា អ្នកទេសចរជនជាតិអាមេរិកម្នាក់ក៏បានស្លាប់ ប៉ុន្តែមិនអត្ថាធិប្បាយអ្វីបន្ថែមទេ ព្រោះជាការគោរពចំពោះក្រុមគ្រួសារអ្នកស្លាប់។
នូវែលសេឡង់ បាននិយាយថា ពលរដ្ឋរបស់ខ្លួនម្នាក់ក៏មិនស្រួលខ្លួនដែរនៅប្រទេសឡាវ ហើយអាចជាជនរងគ្រោះនៃការពុលជាតិមេតាណុល។ ដាណឺម៉ាក កាលពីថ្ងៃពុធ បានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនពីរនាក់បានស្លាប់នៅឡាវ ប៉ុន្តែនឹងមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕