លោក ហ្គ័រតាំ អាដានី (Gautam Adani) ប្រធានក្រុមហ៊ុនឥណ្ឌា អាដានី គ្រុប (Adani Group) និងជាមហាសេដ្ឋីលំដាប់ពិភពលោកមួយរូប ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជុំវិញតួនាទីរបស់លោកនៅក្នុងគម្រោងសូកប៉ាន់មន្រ្តីចំនួន ២៦៥លានដុល្លារ នេះបើយោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក។

អាជ្ញាធរនិយាយថា លោក Adani និងចុងចោទប្រាំពីរនាក់ផ្សេងទៀត រួមទាំងក្មួយប្រុសរបស់លោកឈ្មោះ Sagar Adani បានយល់ព្រមបង់ប្រាក់សំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ដើម្បីទទួលបានកិច្ចសន្យាដែលរំពឹងថានឹងផ្តល់ប្រាក់ចំណេញចំនួន ២ពាន់លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ និងអភិវឌ្ឍគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ឥណ្ឌា។

កំណត់ត្រារបស់តុលាការបង្ហាញថា ចៅក្រមបានចេញដីកាចាប់ខ្លួនលោក Gautam Adani និងក្មួយប្រុស Sagar Adani ហើយរដ្ឋអាជ្ញាគ្រោងនឹងប្រគល់ដីកាទាំងនោះទៅឱ្យសមត្ថកិច្ចបរទេស។
តម្លៃភាគហ៊ុននៃបណ្ដាក្រុមហ៊ុនរបស់សម្ព័ន្ធ Adani Group បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ២០% នៅថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) នេះ បន្ទាប់ពីដំណឹងនៃការចោទប្រកាន់បានលេចឡើង៕