គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែលរាជរដ្ឋាភិបាលបានធ្វើការកែលម្អ ឱ្យកាន់តែមាន ភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដោយគ្មានការរើស អើង។

ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម បានធ្វើការបរិយាយអំពីទិដ្ឋភាពទូទៅ នៃជំពូកស្តីពីវិនិយោគ ដែលបានសំយោគនូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជាសមាហរណកម្ម ខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមករវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៧។

បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសរំលេច អំពីសមាសធាតុសំខាន់ៗ ដែលបានចារឹកក្នុងជំពូកស្តីពីវិនិយោគ ដោយរាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមការជំរុញវិនិយោគ, កិច្ចសម្រួល វិនិយោគ និងការប្រកបធុរកិច្ចប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានឆ្លៀតយកឱកាសដ៏មានសារៈសំខាន់ ធ្វើការផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែលរាជរដ្ឋាភិបាលបានធ្វើការកែលម្អ ឱ្យកាន់តែមានភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដោយគ្មានការរើសអើង។
សូមបញ្ជាក់ថា ជុំវិញនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់ រួមនេះ បានចូលជាធរមានកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤។ ចំណែកសិក្ខាសាលាខាងលើ ដែលរៀបចំឡើងដោយក្រសួង ពាណិជ្ជកម្ម មានគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីខ្លឹមសារ នៃជំពូកស្តីពីវិនិយោគ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាបច្ចុប្បន្នភាពថ្មី នៃបរិយាកាសវិនិយោគក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី
