អង្គការឃ្លាំមើលបាននិយាយកាលពីថ្ងៃពុធ (២០ វិច្ឆិកា) ថា គ្រាប់មីន និងគ្រាប់រំសេវមិនទាន់ផ្ទុះ បានឆក់យកជីវិតជនរងគ្រោះនៅសហភាពមីយ៉ាន់ម៉ា ច្រើនជាងប្រទេសណាៗទាំងអស់ក្នុងពិភពលោកកាលពីឆ្នាំ២០២៣ ដោយព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនឡើងទ្វេដង ឬបីដង លើសការប៉ាន់ស្មានដែលថាមនុស្សជាង ១.០០០ នាក់បានស្លាប់ ឬរងរបួស។

ជម្លោះជាបន្តបន្ទាប់ជាច្រើនទសវត្សរ៍រវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិច រួមទាំងការប្រយុទ្ធគ្នាដ៏តានតឹងនាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះពោរពេញដោយគ្រាប់មីន និងគ្រាប់រំសេវដ៏គ្រោះថ្នាក់។
អង្គការ យុទ្ធនាការអន្តរជាតិហាមឃាត់មីន (ICBL) បាននិយាយកាលពីថ្ងៃពុធថា មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានសម្លាប់ ឬបង្ករបួសដល់មនុស្ស ១.០០៣នាក់ នៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២៣។

ក្រុម ICBL នេះបន្ថែមថា ជាមួយនឹងជម្លោះ និងការរឹតបន្តឹងផ្សេងទៀតនៅមីយ៉ាន់ម៉ា ធ្វើឱ្យការស្ទង់មតិមូលដ្ឋានមិនអាចទៅរួច ហើយតួលេខជនរងគ្រោះពិតប្រាកដទំនងជាខ្ពស់ជាងការរាយការណ៍។ សូមបញ្ជាក់ថា មីយ៉ាន់ម៉ាមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ឬការអភិវឌ្ឍន៍មីនប្រឆាំងមនុស្សនោះទេ៕
