បាល់ទាត់៖ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមកោះកុងអេហ្វស៊ីថា ការជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ នាចុងសប្ដាហ៍នេះគឺមិនងាយស្រួលឡើយ ព្រោះត្បូងឃ្មុំជាក្រុមមានបទពិសោធន៍ជោគជាំក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានថ្នាក់ខេត្តនេះ។

គ្រូបង្វឹកមានបទពិសោធន៍ដឹកនាំក្លិបធំៗនៃលីគកំពូលកម្ពុជាបានបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយខេត្តត្បូងឃ្មុំ នឹងមានភាពតានតឹងជាងការប្រកួតមុនៗ ព្រោះត្បូងឃ្មុំជាក្រុមមួយដែលឆ្លងកាត់ប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះច្រើនដង ពោលគឺសរុប ៣ដងហើយទាំងលើកនេះ។ ម្យ៉ាងកីឡាករត្បូងឃ្មុំ ក៏មានបទពិសោធន៍ច្រើនក្រាស់ក្រែលក្នុងពានរង្វាន់នេះ និងមានកីឡាករល្អៗច្រើនទៀតផង។ មួយវិញទៀត ខេត្តត្បូងឃ្មុំគឺមានពេលសម្រាកប្រមូលកម្លាំងច្រើនគ្រប់គ្រាន់ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយខេត្តបាត់ដំបង។ ការណ៍នេះទើបលោកចាត់ទុកការប្រកួតនេះគឺជាជំនួបដ៏តានតឹងសម្រាប់ក្រុមខ្លួន តែលោកក៏មិនបារម្ភនោះទេ ដ្បិតលោក ហុក សុជីវ័ន សង្កត់ធ្ងន់ថា អ្វីៗសំខាន់ទៅលើការរៀបចំលើទីលានផ្ទាល់ ថាតើកីឡាករខាងណារៀបចំខ្លួនបានល្អជាងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរនឹងធ្វើឡើងនារសៀលថ្ងៃទី២៣ ខែតុលាចុងសប្ដាហ៍នេះនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ក្រោមការផ្សាយផ្ទាល់ដោយក្រុមការងារទូរទស្សន៍ BTV-News។ នេះជាលើកដំបូងហើយ ដែលក្រុមកោះកុងអេហ្វស៊ីបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈខេត្តត្បូងឃ្មុំបានឡើងវគ្គផ្ដាច់ព្រ័ត្រ ៣ដងមកហើយដោយ ២លើកមុនទទួលបានជើងឯកម្ដងកាលពីឆ្នាំ២០១៩ និងជើងឯករងម្ដងកាលពីឆ្នាំ២០២០ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា