ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប៉ាឡេស្ទីនកាលពីថ្ងៃពុធ បានច្រានចោលផែនការណាមួយរបស់អ៊ីស្រាអែល ក្នុងការបង្កើតតំបន់ទ្រនាប់ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីចែកចាយជំនួយ។

លោក Nabil Abu Rudeineh អ្នកនាំពាក្យផ្លូវការរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា៖«ការពិភាក្សាអំពីអ្វីដែលហៅថា ការបង្កើតតំបន់ទ្រនាប់ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប និងទីក្រុង Jabalia ដើម្បីចែកចាយជំនួយ តាមរយៈក្រុមហ៊ុនឯកជនរបស់អាមេរិក និងជាមួយមូលនិធិបរទេស ត្រូវបានច្រានចោលទាំងស្រុង និងផែនការដែលមិនអាចទទួលយកបាន»។

លោក Abu Rudeineh បានចាត់ទុកថា ផែនការនេះ រំលោភលើរាល់ដំណោះស្រាយភាពស្របច្បាប់របស់អន្តរជាតិ និងច្បាប់អន្តរជាតិ ដែលចាត់ទុកតំបន់ហ្កាហ្សាស្ទ្រីប ជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
លោកបានបន្ថែមថា ផែនការណាមួយដែលទាក់ទងនឹងអនាគតនៃតំបន់ហ្កាហ្សាស្ទ្រីប ឬការចែកចាយជំនួយ គឺធ្វើឡើងតាមរយៈរដ្ឋប៉ាឡេស្ទីន និងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) ក៏ដូចជាអង្គការអន្តរជាតិដែលពាក់ព័ន្ធផ្សេងទៀត។