ចិនធ្វើការស្វែងយល់ អំពីសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាប្រព័ន្ធថវិការបស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ, អំពីដំណើរការ នៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈរបស់រដ្ឋ, ព្រមទាំង សមិទ្ធិផល និងផ្នែកហិរញ្ញប្បទានសហប្រតិបត្តិការ។
ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកានៃគណៈអចិន្ត្រៃយ៍ តំណាងសភាប្រជាជនចិនទូទាំងប្រទេស នៅក្នុងជំនួបជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ម្សិលមិញនេះ បានគូសបញ្ជាក់ ថា ឯកឧត្តមមានសេចក្តីរីករាយ និងអបអរសារទរ ចំពោះចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលតែងជួយគាំទ្រគ្នា និងរួម សុខរួមទុក្ខជាមួយគ្នា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គូសរំលេចផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺស្ថិតក្នុងបរិការណ៍ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំជាលំដាប់លើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងហិរញ្ញាប្បទានសហប្រតិបត្តិការ ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យថ្មីនេះ។
នៅក្នុងជំនួបនេះ, ឯកឧត្តម ចាន់ សុធី បានអរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនចិន នៅលើដំណើរការ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក, កម្ពុជាបានប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសចិន ក៏ដូចជាដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ប្រកបដោយស្មារតីទទួលខុសត្រូវ, ដែលប្រការនេះបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនធំឡើង ជាលំដាប់, បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានប្រឈមទៅនឹងវិបត្តិធំៗជាបន្តបន្ទាប់ក្តី។
ឯកឧត្តម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានគណៈកម្មការកិច្ចការថវិកានាពេលនេះ នឹងជាការពាំនាំ ដ៏សំខាន់ ជូនទៅដល់ថ្នាក់ដឹកនាំ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស អំពីផ្លែផ្កាគួរជាទីមោទនៈ នៃកិច្ចសហប្រតិត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





