ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បានទទួលស្គាល់ឧបទ្វីបគ្រីម៉េ ដែលរុស្សីបានរឹបអូស នៅក្នុងឆ្នាំ ២០១៤ នឹងត្រូវប្រគល់ទៅឲ្យអធិបតេយ្យភាពអ៊ុយក្រែនវិញ តាមរយៈការទូត។

ដោយត្រូវបានសម្ភាសដោយសារព័ត៌មាន Fox News នៅលើរថភ្លើងក្នុងប្រទេសអ៊ុយក្រែន និងចាក់ផ្សាយកាលពីថ្ងៃពុធនោះ លោក ហ្សេឡិនស្គី បាននិយាយថា ប្រទេសរបស់លោក មិនអាចបាត់បង់អាយុជីវិតដែលនឹងត្រូវការ ដើម្បីដណ្តើមយកឧបទ្វីបគ្រីម៉េមកវិញ តាមរយៈមធ្យោបាយយោធានោះទេ។

លោកបានច្រានចោលនូវការលើកឡើងអំពីការប្រគល់ទឹកដីណាមួយដែលបានកាន់កាប់ដោយកងកម្លាំងរបស់ក្រុងមូស្គូរួចទៅហើយ ដោយនិយាយថា អ៊ុយក្រែន «មិនអាចទទួលស្គាល់ដោយស្របច្បាប់នូវទឹកដីដែលកាន់កាប់របស់អ៊ុយក្រែន ជារបស់រុស្ស៊ីបានឡើយ»។
លោក ហ្សេឡិនស្គី បានប្រាប់ Fox News តាមរយៈអ្នកបកប្រែថា៖«ខ្ញុំបាននិយាយរួចហើយថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីយកគ្រីម៉េត្រឡប់មកវិញ»។ «យើងមិនអាចចំណាយមនុស្សរាប់សិបពាន់នាក់របស់យើង ដើម្បីឲ្យពួកគេ រងគ្រោះថ្នាក់ ដោយសារការដណ្តើមយកឧបទ្វីបគ្រីម៉េត្រឡប់មកវិញនោះ…ហើយវានៅតែមិនមែនជាការពិតដែលថា យើងអាចយកឧបទ្វីបនេះត្រឡប់មកវិញ ជាមួយនឹងអាវុធនៅក្នុងដៃរបស់យើងនោះ។ យើងយល់ថា គ្រីម៉េ អាចត្រូវយកមកត្រឡប់វិញបាន តាមរយៈមធ្យោបាយការទូត»។