ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យមានការបង្រួបបង្រួមសំឡេងបន្ថែមទៀត ដើម្បីសន្តិភាពនៅអ៊ុយក្រែន។ លោកបានធ្វើការអំពាវនាវនេះ ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva នៅក្នុងទីក្រុងប្រស៊ីលយ៉ា( Brasilia)។

ដូចដែលបានដកស្រង់សម្តីនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន លោក ស៊ី ជីនពីង បានថ្លែងថា៖ «ប្រទេសចិន និងប្រេស៊ីល បានរួមគ្នាបង្កើតការឯកភាពគ្នាចំនួន ៦ ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ហើយរួមគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង បានបង្កើតក្រុមមិត្តសន្តិភាព»។
លោកបានបន្ថែមថា៖«យើងចាំបាច់ត្រូវប្រមូលផ្តុំសំឡេងសន្តិភាពបន្ថែមទៀត និងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិអ៊ុយក្រែន» ។

កាលពីខែកញ្ញា នៅក្នុងកិច្ចប្រជុំជាមួយតំណាងពិសេសរបស់ប្រធានាធិបតីប្រេស៊ីល លោក Celso Amorim នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi ) បាននិយាយថា ប្រទេសចិន ប្រេស៊ីល និងប្រទេសដទៃទៀតនៃតំបន់សកលខាងត្បូង នឹងបង្កើតវេទិកាមិត្តសន្តិភាព ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិអ៊ុយក្រែន។