បាល់ទាត់៖ កីឡាករជម្រើសជាតិកម្ពុជាម្នាក់ទៀតគឺអ្នកចាំទី កែវ សុខសិលា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្ដ PCR អវិជ្ជមាននៅរសៀលថ្ងៃទី២១ ខែតុលាម្សិលមិញ។ កែវ សុខសិលា គឺជាកីឡាករជម្រើសជាតិកម្ពុជាទី២ ដែលបានជាសះស្បើយពីជំងឺរាតត្បាតជាសកលនេះបន្ទាប់ពីខ្សែការពារ សារ៉េត គ្រីយ៉ា ដែលបានជាសះស្បើយមុនគេកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ។
ដោយឡែកកីឡាករ ៤នាក់ទៀតរួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល និង អ៊ាន ពិសី បច្ចុប្បន្នកំពុងរង់ចាំលទ្ធផលបន្ទាប់ពីពួកគេបានធ្វើតេស្ដ PCR រួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលគ្រប់ ១០ថ្ងៃតាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន។ គួរដឹងថា បច្ចុប្បន្នកីឡាករដែលជាសះស្បើយមុនរួមមាន សារ៉េត គ្រីយ៉ា និង កែវ សុខសិលា ត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល ហើយទៅស្នាក់នៅរួមគ្នានៅសណ្ឋាគារមួយដើម្បីរង់ចាំមិត្តរួមក្រុម ៤នាក់ផ្សេងទៀតហើយបន្ទាប់ពីជាសះស្បើយទាំងអស់គ្នាទើបពួកគេត្រឡប់មាតុភូមិវិញ។
សូមបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មនៅប្រទេសបារ៉ែនក្នុងការប្រកួតជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ជាមួយក្រុមកោះហ្គាំ ស្របពេលក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិកនេះទាំង ២ជើងក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ៕
អត្ថបទ៖ លី ឈុនឡា