ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា កម្ពុជា កាន់តែមានធនធានមនុស្សដែលមានជំនាញផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនបរទេស ដែលមានបំណងមក ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ នាមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងដំណាក់កាល នៃការប្រកួតប្រជែងជាមួយប្រទេសនានា ក្នុងការទាក់ទាញការវិនិយោគពីបរទេស គឺរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ធ្វើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវគមនាគមន៍ ដែលមានទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ។
សម្ដេចធិបតី បានបន្តថា ជាមួយនេះ កម្ពុជា កំពុងខិតខំបណ្ដុះនូវធនធានមនុស្ស ដែលជាមូលធនដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ ហើយក៏មានធនធានមនុស្ស ដែលជាតម្រូវការរបស់ក្រុមហ៊ុនបរទេស ខណៈអ្នកវិនិយោគ ទាំងអស់នោះ ក៏បានសួរនាំពីសមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដែលអាចបម្រើការងារក្នុងក្រុមហ៊ុនរបស់ពួកគេ ផងដែរ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានធុរជនបរទេសជាច្រើន បានចូលរួមសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះមានមកពីប្រទេសព្រុយណេ សមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុនមកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាដើម ដែលមានបំណងធ្វើការវិនិយោគលើវិស័យផ្សេងៗ ៕អត្ថបទ៖ បាន សុខរិទ្ធិ