ក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៤ នេះ, បានប្រមូលចំណូលពីវិស័យរ៉ែ ជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក ត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ និងថាមពល លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែ វិច្ឆិកា នេះថា ទាក់ទិនវិស័យរ៉ែ និង ថាមពល បានកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវា និងគាំទ្រវិស័យឯកជន និងវិភាគទានរបស់វិស័យរ៉ែជូនរដ្ឋ, ក្នុងអាទិភាពនេះ ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយដែលមានលក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។
ឯកឧត្តម បន្តឱ្យដឹងថា ចំពោះការប្រមូលចំណូលវិស័យរ៉ែដែលសម្រេចបានប្រមាណជិត ៩០ លានដុល្លារអាមេរិកខាងលើនេះ ក្នុងនោះតាមការប៉ាន់ស្មាន, ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស បានប្រមាណជិត ៣១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយឡែកចំណូលពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទ បានប្រមាណ ៣១,៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និង កើនដល់ប្រមាណ ៦១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ។
ចំណែកការងារបង្កើនសុវត្ថិភាព និងសុខុមាលភាពដល់និយោជិត-កម្មកររ៉ែវិញ ឯកឧត្តម កែវ រតនៈ លើកឡើងថា ដើម្បីអនុវត្តតាម ឆន្ទៈ និងបំណងប្រាថ្នារបស់សម្ដេចធិបតី ក្នុងការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូននិយោជិត-កម្មករក្នុងការដ្ឋានរ៉ែ ក្រសួងបានដាក់ចេញនូវបទដ្ឋានគតិយុត្ត និងយន្តការត្រួតពិនិត្យជាបន្តបន្ទាប់ ក្រោយពីបានធ្វើការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន វិនិយោគ និងកម្មកររ៉ែទូទាំងប្រទេសរួចមក។ វិធានការរបស់ សម្ដេចធិបតី ក្រោមអភិក្រម «ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារ ដោយសុវត្ថិភាព» ដែលការងារនេះទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនដែលប្រកបការងារក្នុងការដ្ឋានរ៉ែ៕ អត្ថបទ៖ សុន រ៉ាឌី
