ប្រមុខការពារជាតិតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បានជួបប្រជុំជាមួយប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសដៃគូផ្សេងទៀត នៅប្រទេសឡាវ ដើម្បីពិភាក្សាផ្នែកសន្តិសុខ ដែលកើតមានឡើងនៅពេលដែលជំហរអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ក្នុងការទាមទាររបស់ខ្លួន លើតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង កំពុងនាំឲ្យមានការប្រឈមមុខដាក់គ្នាបន្ថែមទៀត។
កិច្ចពិភាក្សាបិទទ្វារនេះ បាននាំឲ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun មានវត្តមាននៅក្នុងបន្ទប់តែមួយជាមួយគ្នា មួយថ្ងៃបន្ទាប់ពីលោក Dong បានបដិសេធសំណើជួបជាមួយលោក Austin មួយទល់មួយ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN )។

សហរដ្ឋអាមេរិក និងចិន បាន និងកំពុងធ្វើការដើម្បីកែលម្អទំនាក់ទំនងដែលរអាក់រអួល រវាងយោធា និងយោធា ហើយលោក Austin បាននិយាយថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់លោក Dong ដោយបានហៅថា ជា «ឧបសគ្គ សម្រាប់តំបន់ទាំងមូល»។
គួរបញ្ជាក់ថា កិច្ចប្រជុំអាស៊ាននេះ ធ្វើឡើងស្របពេលដែលប្រទេសជាសមាជិក កំពុងសម្លឹងមើលយ៉ាងប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូររដ្ឋបាលរបស់អាមេរិក នៅពេលមានការកើនឡើងនូវជម្លោះដែនសមុទ្រ ជាមួយចិន។ សហរដ្ឋអាមេរិក បានជំរុញយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ« ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក Joe Biden ហើយវានៅមិនទាន់ច្បាស់ទេថា តើរដ្ឋបាលនាពេលខាងមុខរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងដោះស្រាយស្ថានភាពសមុទ្រចិនខាងត្បូងយ៉ាងដូចម្តេច។

ក្រៅពីសហរដ្ឋអាមេរិក និងចិន ប្រទេសផ្សេងទៀតដែលចូលរួមកិច្ចប្រជុំអាស៊ានមកពីក្រៅអាស៊ីអាគ្នេយ៍ រួមមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចប្រជុំជាមួយដៃគូសន្ទនាអាស៊ានក៏ត្រូវបានគេរំពឹងថា នឹងដោះស្រាយភាពតានតឹង នៅឧបទ្វីបកូរ៉េ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាម នៅតំបន់មជ្ឈិមបូព៌ា៕
