ប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជិនពីង) និងសមភាគីប្រេស៊ីលលោក Luiz Inacio Lula da Silva (Lula) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអភិវឌ្ឍជាច្រើន ខណៈដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៊ីល ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសទាំង២។
មេដឹកនាំទាំង២ កាលពីថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) បានបង្ហាញទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើនជាលំដាប់ ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជិត ៤០ ស្តីពីពាណិជ្ជកម្ម បច្ចេកវិទ្យា និងការការពារបរិស្ថាន។
លោក ស៊ី បានថ្លែងថា «នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយផ្សេងទៀត ក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-ប្រេស៊ីល» ដោយលោកបានបន្ថែមថា ប្រទេសចិនបានត្រៀមរួចជាស្រេច ក្នុងការធ្វើឲ្យប្រទេសទាំង២ ក្លាយជា «ដៃគូដ៏ល្អបំផុត»។
ចំណែកលោក Lula បានលើកឡើងថា លោក «មានទំនុកចិត្ត» ថា ភាពជាដៃគូ «នឹងមានលើសពីការរំពឹងទុកទាំងអស់ ហើយបើកផ្លូវឲ្យមានដំណាក់កាលថ្មីនៃទំនាក់ទំនងទ្វេភាគី»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទីក្រុង Brasilia (ប្រាស៊ីលលីយ៉ា) កើតឡើង បន្ទាប់ពីការចូលរួមរបស់លោក នាដើមសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) នៅទីក្រុង Rio de Janeiro (រីយ៉ូ ដឺ ហ្សាណេរ៉ូ) ក៏ដូចជាកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កាលពីសប្តាហ៍មុន នៅទីក្រុង Lima (លីម៉ា) ប្រទេសប៉េរូ៕

