រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញសំណុំផ្សែងយ៉ាងធំ ផុសពីលើទីក្រុងប្រវត្តិសាស្រ្ត Palmyra ស្ថិតក្នុងខេត្ត Homs របស់ប្រទេសស៊ីរី ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
រូបភាពវីដេអូឃ្លីបនេះ បានកើតមានឡើង ខណៈទីភ្នាក់ងារព័ត៌មានរដ្ឋ SANA របស់ស៊ីរី រាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ៣៦នាក់ និងមនុស្សជាង ៥០នាក់ផ្សេងទៀត បានរងរបួស ក្រោយពួកគេវាយប្រហារអគាររស់នៅរបស់អ្នកស្រុក និងតំបន់ឧស្សាហកម្ម ។
ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែល បដិសេធន៍មិនធ្វើសេចក្តីអត្ថាធិប្បាយណាមួយ នោះឡើយ ពេលសួរពីការវាយប្រហារមួយនេះ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានពីទីតាំងនៃអគារ ភ្លើងស្តុប និងរបង ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានវាយប្រហារលើផ្លូវឆ្លងកាត់នៅតាមតំបន់ព្រំដែនស៊ីរី-លីបង់ ដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ជូនអាវុធដល់ក្រុមហេសបូឡា ។
សារព័ត៌មានរដ្ឋស៊ីរី បានរាយការណ៍ផងដែរ ពីការវាយប្រហារជាច្រើនរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន នៅខេត្ត Homs ដែលជាប់ព្រំដែនជាមួយប្រទេសលីបង់ ៕

