រុស្ស៊ី និងចិន កាលពីថ្ងៃពុធ (២១ វិច្ឆិកា) បានប្រឆាំងនឹងយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរកងកម្លាំងចម្រុះជាតិសាសន៍ដឹកនាំដោយកេនយ៉ា នៅក្នុងប្រទេសហៃទី ដែលជួយដល់នគរបាលក្នុងការដោះស្រាយការកើនឡើងនូវអំពើហិង្សារបស់ក្រុមអន្ធពាល ឲ្យទៅជាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)។
សម្ព័ន្ធមិត្តទាំង២ បានស្នើឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ខណៈដែលក្រុមអន្ធពាលបានបង្កើនការវាយប្រហារ ដោយបានបាញ់យន្តហោះចំនួន ៤គ្រឿង ដែលបានធ្វើឲ្យព្រលានយន្តហោះត្រូវបិទ ក្នុងរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) និងវាយលុកសង្កាត់ដ៏ធំរបស់ប្រទេស គឺ Petionville កាលពីថ្ងៃអង្គារ។ UN បានប៉ាន់ប្រមាណថា ក្រុមអន្ធពាលគ្រប់គ្រងរដ្ឋធានី ៨៥ភាគរយ ហើយបានរាលដាលទៅកាន់តំបន់ជុំវិញ។
សហរដ្ឋអាមេរិកបានស្នើឲ្យមានបេសកកម្មរក្សាសន្តិភាពរបស់ UN នៅដើមខែកញ្ញា ជាវិធីមួយ ដើម្បីធានាបាននូវការផ្តល់ហិរញ្ញប្បទានជាប្រចាំ សម្រាប់កម្លាំងចម្រុះជាតិសាសន៍គាំទ្រដោយ UN ដែលប្រឈមនឹងវិបត្តិថវិកាធ្ងន់ធ្ងរ។
សហរដ្ឋអាមេរិកបានព្យាយាមឲ្យ UNSC ដែលមានសមាជិក ១៥ប្រទេស ចុះហត្ថលេខាលើសេចក្តីសម្រេចព្រាង កាលពីសប្តាហ៍មុន ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរ។ ប៉ុន្តែរុស្ស៊ី និងចិនបានបដិសេធមិនពិភាក្សាសេចក្ដីសម្រេចនេះ ហើយជំនួសមកវិញ បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សា កាលពីថ្ងៃពុធ ជាកន្លែងដែលប្រទេសទាំង២ បានបង្ហាញយ៉ាងច្បាស់លាស់នូវការប្រឆាំងរបស់ពួកគេ៕



