មន្ត្រីម្នាក់នៅគណៈកម្មាធិការសន្តិសុខរដ្ឋនៃប្រទេសបេឡារុស បាននិយាយថា ទីភ្នាក់ងារនេះ ដឹងពីកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកោសិកាភេរវករ នៅក្នុងប្រទេសប៉ូឡូញ ដោយមានការគាំទ្រពីអង្គភាពកងកម្លាំងពិសេសប៉ូឡូញ GROM ។
ប្រធានផ្នែកអង្កេតរបស់គណៈកម្មាធិការ លោក Konstantin Bychek បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងខ្សែភាពយន្តស៊ើបអង្កេត ដែលមានឈ្មោះថា «Devils» ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ONT ។
មន្ត្រីរូបនេះបាននិយាយថា៖«គណៈកម្មាធិការទទួលបានទិន្នន័យដែលអាចជឿទុកចិត្តបានថា សមាជិកមួយចំនួននៃអង្គភាពទាំងនេះ កំពុងទទួលការបណ្តុះបណ្តាលនៅលើទឹកដីនៃសាធារណរដ្ឋប៉ូឡូញដោយមានការចូលរួមដោយផ្ទាល់ពីអង្គភាពកងកម្លាំងពិសេស GROM ។ អាជ្ញាធរប៉ូឡូញ ត្រូវបានជូនដំណឹងអំពីរឿងនេះតាមរយៈបណ្តាញនានា អំពីការប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ ប៉ុន្តែជាអកុសល ការឆ្លើយតបតែមួយគត់ចំពោះបញ្ហានេះ គឺត្រូវបង្កើនវិធានការសម្ងាត់លើផ្នែកនៃអ្នកចូលរួម នៅក្នុងក្រុមភេរវករទាំងនេះ»។
លោក Bychek បានបន្តនិយាយទៀតថា៖«អាជ្ញាធរប៉ូឡូញ បានផ្តល់អនុសាសន៍ឲ្យពួកគេធ្វើស្របច្បាប់ក្រោមរូបភាពនៃការធ្វើសមយុទ្ធ និងកំណត់ការផ្សព្វផ្សាយសម្ភារៈឃោសនា នៅតាមទីសាធារណៈ។
បេឡារុស បាននិយាយមុននេះថា ប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន កំពុងរៀបចំទីតាំងរក្សាទុកអាវុធខុសច្បាប់ ដែលមានបំណងឈ្លានពានប្រទេសបេឡារុស។