ព្រិលបានមកដល់ឆាប់រហ័សនៅតំបន់ភាគខាងត្បូងអាល្លឺម៉ង់ក្នុងឆ្នាំនេះ ក្នុងនោះភូមិដ្ឋានជាច្រើននៅក្នុងតំបន់ Allgaeu គ្របដណ្តប់ដោយព្រិលសក្បុសយ៉ាងក្រាស់កាលពីថ្ងៃពុធ ។
យោងតាមសេវាកម្មឧតុនិយមអាល្លឺម៉ង់ បានឲ្យដឹងថា អាកាសធាតុត្រជាក់ឆាប់មកដល់នេះ កើតឡើងដោយសារតែខ្យល់សមុទ្រតំបន់ប៉ូល បោកបក់ឆ្ពោះទៅកាន់តំបន់ Bavaria ។
ស្ថានភាពអាកាសធាតុបែបនេះ នឹងនាំឲ្យប្រទេសអាល្លឺម៉ង់ មានសីតុណ្ហភាពត្រជាក់ខ្លាំងខុសពីធម្មតារហូតដល់ចុងសប្តាហ៍នេះ ។
ភ្ញៀវដែលបានធ្វើដំណើរទៅកាន់តំបន់ត្រជាក់ មានក្តីសប្បាយរីករាយជាខ្លាំងជាមួយនឹងការធ្លាក់ព្រិលឆាប់រហ័សបែបនេះ ហើយពួកគេនិយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់សីតុណ្ហភាពត្រជាក់ ។
ការធ្លាក់ព្រិលបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងកើតមាននៅថ្ងៃព្រហស្បតិ៍នេះ ហើយនិងធ្វើឲ្យប៉ះពាល់តំបន់ព្រៃខ្មៅ ស្របពេលដែលសារព័ត៌មានអាល្លឺម៉ង់រាយការណ៍ថា កន្លែងខ្លះនៅតំបន់ Allgaeu នឹងមានព្រិលធ្លាក់កម្រាស់ពី ២០ សង់ទីម៉ែត្រ រហូតដល់ ៥០សង់ទីម៉ែត្រ ។
សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ផងដែរថា ព្យុះព្រិលត្រូវបានគេរំពឹងថានឹងកើតមានផងដែរ ចន្លោះរដ្ឋ North Rhine-Westphaliaនិងទីក្រុងប៊ែរឡាំង ៕


