សកម្មជនថៃ លោក Ruangkrai Leekitwattana ចំណាយពេល ១០ម៉ោង ក្នុងមួយថ្ងៃ ក្នុងបន្ទប់គេងរបស់លោក ដើម្បីសរសេរពាក្យបណ្តឹង ដែលភាគច្រើនអំពីមេដឹកនាំថ្មីរបស់ប្រទេសថៃ។ អតីតសមាជិកព្រឹទ្ធសភាវ័យ ៦៣ឆ្នាំរូបនេះ ជាអ្នកប្ដឹងតវ៉ា ដែលមានជាប់គ្នាមិនដាច់។
ចាប់តាំងពីខែសីហាមក លោកបានដាក់ញត្តិយ៉ាងតិចចំនួន ២០ច្បាប់ តវ៉ាចំពោះនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) សម្រាប់បញ្ហាជាច្រើន រាប់ចាប់ពីការកាន់កាប់ភាគហ៊ុន នៅទីលានវាយកូនហ្គោល រហូតដល់ការបង្ហោះមិនសមរម្យនូវរូបថតគណៈរដ្ឋមន្ត្រី។
វាជាលក្ខណៈដ៏ប្លែកមួយរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលអ្នកសង្កេតការណ៍និយាយថា អនុញ្ញាតឲ្យស្ថាប័នរាជានិយមអភិរក្សនិយមប្រើអំណាច លើអង្គភាពនានារបស់រដ្ឋ មេដឹកនាំនយោបាយ និងគណបក្ស។
ឧទាហរណ៍ចុងក្រោយបំផុតមួយ គឺបណ្តឹងពីមេធាវីសរបស់កម្មជនមួយរូប ដែលចោទប្រកាន់ឪពុករបស់លោកស្រី Paetongtarn និងជាអតីតនាយករដ្ឋមន្ត្រី គឺលោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) ថា កំពុងបំផ្លាញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ តាមរយៈការប្រើឥទ្ធិពលលើរដ្ឋាភិបាល។
ប្រសិនបើតុលាការធម្មនុញ្ញទទួលយកបណ្ដឹងទាំងនោះ ក្នុងសប្តាហ៍នេះ វាអាចធ្វើឲ្យតំណែងរបស់មេដឹកនាំថ្មីចុះខ្សោយយ៉ាងខ្លាំង ហើយនាំទៅដល់ការរំលាយគណបក្សរបស់លោកស្រី។ នៅក្នុងប្រព័ន្ធយុត្តិធម៌ថៃ ញត្តិទាំងនេះអាចនាំឲ្យមានការស៊ើបអង្កេត ដោយគណៈកម្មការរៀបចំការបោះឆ្នោត ឬទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ហើយអាចក្លាយជាករណីរបស់តុលាការដែលមានហានិភ័យខ្ពស់។
គួរបញ្ជាក់ថា លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) ដែលជាអ្នកកាន់តំណែងមុនរបស់លោកស្រី Paetongtarn ត្រូវបានទម្លាក់ចេញពីតំណែង កាលពីខែសីហា ដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ពាក់ព័ន្ធនឹងញត្តិមួយ ដែលចោទប្រកាន់ពីបទរំលោភលើក្រមសីលធម៌ ដោយបង្កឲ្យមានភាពចលាចលនយោបាយថ្មី រយៈពេលជិត ៣ខែ បន្ទាប់ពីមានពាក្យបណ្តឹងនោះ៕

