ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ បាននិយាយថា រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានបង្ហាញដោយប្រទេសកូរ៉េខាងជើង នៅក្នុងខែកញ្ញា ហាក់ដូចជាផ្នែកបន្ថែមដែលមិនមានការប្រកាស នៅក្នុងទីតាំងនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន នៅជិតទីក្រុងព្យុងយ៉ាង។
លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) បានធ្វើការវាយតម្លៃកាលពីថ្ងៃពុធ បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញមូលដ្ឋានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាលើកដំបូង នៅក្នុងការបញ្ជូនតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងខែកញ្ញា។ សារព័ត៌មានរបស់រដ្ឋ បានថតរូបជាច្រើនរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានចុះទៅត្រួតពិនិត្យទីតាំងនោះ។
រោងចក្រនុយក្លេអ៊ែរ Kangson គឺជារោងចក្រមួយក្នុងចំណោមកន្លែងនុយក្លេអ៊ែរពីរដែលដំណើរការដោយរដ្ឋផ្តាច់មុខ រួមជាមួយនឹងរោងចក្រនុយក្លេអ៊ែរ Yongbyon នៅភាគខាងជើងនៃទីក្រុងព្យុងយ៉ាង។
លោក Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ IAEA ថា៖«ទីតាំងរោងចក្រនិងហេដ្ឋារចនាសម្ព័ន្ធដែលបង្ហាញឲ្យឃើញនោះ គឺស្របជាមួយនឹងប្លង់នៃរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូម និងមានរចនាសម្ព័ន្ធនៃអគារដ៏ធំនៅបរិវេណរោងចក្រ Kangson និងឧបសម្ព័ន្ធ ដែលទើបសាងសង់ថ្មី។

