ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានចុះហត្ថលេខាលើពិធីសារ ស្តីពីកិច្ចសហប្រតិបត្តិការ បន្ទាប់ពីមាននូវកិច្ចប្រជុំដែលគ្របដណ្តប់លើពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅទីក្រុងព្យុងយ៉ាង។

មានសេចក្តីលម្អិតតិចតួចប៉ុណ្ណោះ នៅក្នុងរបាយការណ៍របស់សារព័ត៌មាន KCNA ប៉ុន្តែដោយដកស្រង់ពីក្រសួងធនធានធម្មជាតិរបស់រុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានរាយការណ៍ថា ប្រទេសទាំង២ បានយល់ព្រមបង្កើនជើងហោះហើរពិសេស បន្ទាប់ពីមានកិច្ចប្រជុំនេះ។
ទីភ្នាក់ងារសារព័ត៌មាននោះ បានឲ្យដឹងថា នៅចន្លោះខែមករា និងខែកញ្ញា អ្នកទេសចរធ្វើដំណើរទៅមក រវាងរុស្ស៊ី និងកូរ៉េខាងជើង មានចំនួនជាង ៥.០០០នាក់ ដោយជាង ៧០ភាគរយ ធ្វើដំណើរតាមផ្លូវអាកាស។
សារព័ត៌មាន Tass បានបន្ថែមថា ការបង្កើនជើងហោះហើរពិសេស ត្រូវបានគេរំពឹងថា នឹងហោះហើរមិនត្រឹមតែពីតំបន់ភាគខាងកើតរបស់រុស្ស៊ី នៅជិតកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីទីក្រុងធំៗរបស់រុស្ស៊ីនៅក្នុងតំបន់ផ្សេងទៀតផងដែរ៕
