នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រងបេរូត បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពោះការជិតកើតមានឡើងបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បើទោះបីជាមានកិច្ចខិតខំដឹកនាំដោយសហរដ្ឋអាមេរិកសម្រេចឲ្យបានបឈប់បាញ់ក៏ដោយ ។
លោក Mahmoud Hamdan គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងបេរូត និយាយថា លោកគិតថា ការបញ្ចប់ជម្លោះនៅក្នុងប្រទេសលីបង់ ទំនងជាមិនអាចកើតឡើងបានទេ មុនការប្រគល់អំណាចដល់រដ្ឋបាលជិតឡើងកាន់តំណែងសហរដ្ឋអាមេរិក ។
ការផ្ទុះបានកើតមាននៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់ NNA រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល មានគោលដៅលើតំបន់ជាយក្រុង Haret Hreik ។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein និយាយកាលពីថ្ងៃពុធថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីព្យាយាមសម្រេចឲ្យបានបទឈប់បាញ់ ជាការបញ្ចប់សង្រ្គាមជាមួយក្រុមហេសបូឡានៅប្រទេសលីបង់ ក្រោយប្រកាសវឌ្ឍនភាពបន្ថែមទៀតនៅក្នុងកិច្ចប្រជុំនៅទីក្រុងបេរូត ។
ក្រុមអាជ្ញាធរលីបង់ និយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣.៥៤៤នាក់ នៅលីបង់ ចាប់តាំងពីជម្លោះចាប់ផ្តើម ។
យោងតាមតួលេខរបស់អ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហាររបស់ក្រុមហេសបូឡា បានសម្លាប់ជនស៊ីវិល ៤៣នាក់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ខណៈទាហាន ៧៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights ហើយនិងសង្រ្គាមនៅតំបន់ភាគខាងត្បូងលីបង់ ៕


