ក្រុមឧទ្ទាមកូឡុំប៊ី Segunda Marquetalia បានបំបែកជា ២ក្រុម ប៉ុន្តែក្រុមមានចំនួនធំជាង នឹងបន្តធ្វើការចរចាសន្តិភាពជាមួយរដ្ឋាភិបាល។
ដោយត្រូវបានបង្កើតឡើងដោយអតីតសមាជិកនៃក្រុមទ័ពព្រៃ FARC ដែលនៅតែស្មោះស្ម័គ្រ ចំពោះទ្រឹស្ដីម៉ាក្ស និងបន្តការតស៊ូប្រដាប់អាវុធ ក្រុមឧទ្ទាម Segunda Marquetalia បានច្រានចោលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ រវាង FARC និងរដ្ឋាភិបាលដែលបានព្យាយាមបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសកូឡុំប៊ី។
ការចរចាសន្តិភាពដែលអូសបន្លាយជាមួយក្រុម Segunda Marquetalia និងក្រុមប្រឆាំងផ្សេងទៀត ត្រូវបានគាំទ្រដោយលោក Gustavo Petro ជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់ប្រទេស នៅអាមេរិកខាងត្បូងមួយនេះ ដែលកាលពីប៉ុន្មានទសវត្សរ៍មុនជាសមាជិកនៃក្រុមឧទ្ទាមផ្សេង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) ក្រុមឧទ្ទាម Segunda Marquetalia បានឲ្យដឹងថា ខ្លួនទទួលស្គាល់ថា មាន «ការបែកបាក់ច្បាស់ណាស់» នៅក្នុងសាមគ្គីភាព ក្នុងរង្វង់ជួររបស់ក្រុម៕

