តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vasily Nebenzya បាននិយាយថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើការទទួលខុសត្រូវទាំងស្រុងរបស់ខ្លួនចំពោះការស្លាប់របស់ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដោយអនុវត្តសិទ្ធិវេតូរបស់ខ្លួន និងរារាំងសេចក្តីសម្រេចចំពោះមជ្ឈិមបូព៌ារបស់សមាជិកមិន អចិន្ត្រៃយ៍ទាំង១០នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
លោកបាននិយាយថា៖«ខ្ញុំនិយាយទៅកាន់សហសេវិកអាមេរិករបស់ខ្ញុំ។ ថ្ងៃនេះ អ្នកបានទទួលខុសត្រូវទាំងស្រុងរបស់អ្នកចំពោះការស្លាប់របស់ពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់ ការបដិសេធមិនទទួលជនភៀសខ្លួន ការរងទុក្ខរបស់ចំណាប់ថ្នូរ និងការឃុំឃាំងជនជាតិប៉ាឡេស្ទីនដោយខុសច្បាប់»។ អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«ការរារាំងដ៏ឃោរឃៅ និងគ្មានមេត្តាដោយសហរដ្ឋអាមេរិកចំពោះការទាមទារដ៏សាមញ្ញមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស គឺជាទង្វើដែលមិនសមហេតុផល និងអមនុស្សធម៌»។
លោក Nebenzya បានបញ្ជាក់ថា រុស្ស៊ីគ្មានការងឿងឆ្ងល់ទេថា៖«ជនជាតិអ៊ីស្រាអែលខ្លួនឯង ក៏ចាប់អារម្មណ៍ ក្នុងការបញ្ចប់ការរីករាលដាលនៃអំពើហិង្សានេះដែរ។
មុននេះ សហរដ្ឋអាមេរិក បានរារាំងសេចក្តីព្រាងសេចក្តីសម្រេចដែលរៀបចំដោយសមាជិកមិនអចិន្ត្រៃយ៍ទាំង១០នៃក្រុមប្រឹក្សាសន្តិសុខ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ នេះ គឺជាលើកទី៥ហើយ ដែលទីក្រុងវ៉ាស៊ីនតោន បានរារាំងសេចក្តីសម្រេចដែលផ្តល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ា កាលពីខែតុលា ឆ្នាំ ២០២៣ ។ សហរដ្ឋអាមេរិក ក៏បានប្រឆាំងនឹងការទទួលយកប៉ាឡេស្ទីន ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។

