ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បាននិយាយថា មូលដ្ឋានការពារមីស៊ីលបាលីស្ទិកថ្មីរបស់សហរដ្ឋអាមេរិក នៅភាគខាងជើងប្រទេសប៉ូឡូញ នឹងនាំឲ្យកើនឡើងនូវកម្រិតហានិភ័យនៃការមានសង្គ្រាមនុយក្លេអ៊ែរ ហើយស្ថិតនៅក្នុងបញ្ជីគោលដៅរបស់រុស្ស៊ី ដែលអាចត្រូវបានបំផ្លិចបំផ្លាញ ប្រសិនបើចាំបាច់។
មូលដ្ឋានការពារដែនអាកាស ដែលមានទីតាំងនៅទីក្រុង Redzikowo ក្បែរឆ្នេរសមុទ្របាល់ទិក ដែលជាផ្នែកនៃខែលការពារមីស៊ីលយ៉ាងទូលំទូលាយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ត្រូវបានបើកសម្ពោធ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា៖ «នេះគឺជាជំហានបង្កហេតុយ៉ាងបើកចំហមួយផ្សេងទៀត នៅក្នុងសកម្មភាពបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ ដោយជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ដែលជាឥទ្ធិពលជាយុទ្ធសាស្ត្រ»។
លោកស្រីបានបន្ថែមថា៖ «នេះនាំទៅដល់ការបំផ្លាញស្ថិរភាពជាយុទ្ធសាស្ត្រ បង្កើនហានិភ័យជាយុទ្ធសាស្រ្ត ហើយជាលទ្ធផល បង្កើនកម្រិតហានិភ័យនៃការមានសង្គ្រាមនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាមេរិក នៅទីក្រុង Redzikowo គឺជាផ្នែកមួយនៃខែលការពារមីស៊ីលយ៉ាងទូលំទូលាយរបស់អង្គការណាតូឈ្មោះ Aegis Ashore ដែលសម្ព័ន្ធមិត្តយោធាមួយនេះ និយាយថា អាចស្ទាក់ចាប់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ទៅមធ្យម៕