អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មាន Bloomberg អំពីការប្រើមីស៊ីល Storm Shadow វាយប្រហារគោលដៅ នៅក្នុងតំបន់ឃើស( Kursk) ជាប់ព្រំដែនរបស់រុស្ស៊ី ដោយចាត់ទុកវាថា ជាការកើនឡើងភាពតានតឹងថ្មី។
មន្ត្រីវិមានក្រឹមឡាំង បាននិយាយថា៖«ការកើនឡើងភាពតឹងថ្មីមួយ កំពុងដំណើរការ។ នេះគឺជាជំហរមិនទទួលខុសត្រូវយ៉ាងពិតប្រាកដរបស់រដ្ឋបាលជិតចប់អាណត្តិ[របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន Joe Biden]» ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីរបៀបដែលវិមានក្រឹមឡាំងមើលឃើញពីការវិវឌ្ឍនេះ។ នេះបើយោងតាមរបាយការណ៍ដែលបានបញ្ជាក់អំពីមីស៊ីល ATACMS ដែលកំពុងត្រូវបានប្រើសម្រាប់វាយប្រហារលើដីរុស្ស៊ី។
លោក Peskov បានជ្រើសរើសមិនឆ្លើយតបនឹងសំណួរថាតើរុស្ស៊ីមានភ័ស្តុតាងដែលថា មីស៊ីល Storm Shadow ដែលផលិតដោយចក្រភពអង់គ្លេស ត្រូវបានប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ពីការវាយប្រហារដោយប្រើប្រាស់មីស៊ីលទាំងនេះ។ អ្នកនាំពាក្យរបស់លោក ពូទីន បានបញ្ជាក់ថា៖«ឥឡូវនេះ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមលើប្រធានបទនេះ ដោយសារវាជាដែនសមត្ថកិច្ចនៃភ្នាក់ងារយោធារបស់យើង»។
កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នៅយប់ថ្ងៃទី ១៩ ខែវិច្ឆិកា អ៊ុយក្រែន បានវាយប្រហារតំបន់ Bryansk ជាប់ព្រំដែនរបស់រុស្ស៊ីជាមួយនឹងមីស៊ីល ATACMS ចំនួន ៦គ្រាប់ ដោយ៥គ្រាប់ក្នុងចំណោមនោះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារមីស៊ីលិ Pantsir និង S-400 របស់រុស្ស៊ី និងមួយគ្រាប់ ត្រូវបានកម្ទេច។