មន្ត្រីស្ថានទូតអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បាននិយាយថា យោធាអាមេរិកកំពុងជួយដល់ប្រតិបត្តិការរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង តាមរយៈកងកម្លាំងកាតព្វកិច្ចពិសេស ជាគំនិតផ្តួចផ្តើមមួយ ដែលទីក្រុងម៉ានីលបាននិយាយថា ពាក់ព័ន្ធនឹងការស៊ើបការណ៍សម្ងាត់ ឈ្លបយកការណ៍ និងប្រមូលព័ត៌មាន។
កងកម្លាំងកាតព្វកិច្ចពិសេស Ayungin (Task Force-Ayungin) ដែលត្រូវបានដាក់ឈ្មោះតាមការកំណត់របស់ហ្វីលីពីន ពាក់ព័ន្ធនឹងតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ គឺ Second Thomas Shoal ត្រូវបានលើកឡើងជាលើកដំបូងក្នុងសប្តាហ៍នេះដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Kanishka Gangopadhyay បាននិយាយថា៖ «កងកម្លាំងកាតព្វកិច្ច Ayungin លើកកម្ពស់ការសម្របសម្រួល និងអន្តរប្រតិបត្តិការរបស់សម្ព័ន្ធភាព រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដោយអនុញ្ញាតឲ្យកងកម្លាំងសហរដ្ឋអាមេរិក គាំទ្រសកម្មភាពកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅសមុទ្រចិនខាងត្បូង»។
ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃការគាំទ្រ ដែលកងកម្លាំងកាតព្វកិច្ចផ្តល់ឲ្យនោះ លោកបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមនេះ ស្របតាមកិច្ចសហប្រតិបត្តិការជាច្រើន រវាងកងកម្លាំងសហរដ្ឋអាមេរិក និងហ្វីលីពីន»។
គួរបញ្ជាក់ថា ទំនាក់ទំនងការពារជាតិ រវាងហ្វីលីពីន និងអាមេរិក បានធ្វើឲ្យរឹងមាំកាន់តែខ្លាំងឡើងៗយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនាំឲ្យមានកំហឹងពីទីក្រុងប៉េកាំង ដែលមានវត្តមានកងកម្លាំងយ៉ាងច្រើន និងការអះអាងលើតំបន់យ៉ាងធំធេង នៅសមុទ្រចិនខាងត្បូង ហើយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ ចាត់ទុកទីក្រុងវ៉ាស៊ីនតោនថា ជាប្រទេសជ្រៀតជ្រែកឥទ្ធិពល៕