ទូរទស្សន៍រដ្ឋ ORTM រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា របបសឹកម៉ាលី បានតែងតាំងមន្រ្តីយោធាលោកឧត្តមសេនីយ៍ Abdoulaye Maiga ជានាយករដ្ឋមន្រ្តីថ្មី ក្រោយបណ្តេញរូបលោក Choguel Maiga ចេញពីតំណែង ។
ក្រឹត្យចេញដោយអគ្គេមេបញ្ជាកងទ័ពរបបសឹកម៉ាលីលោក Assimi Goita និងអានដោយអគ្គលេខាធិការប្រធានាធបតីនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ORTM និយាយថា លោកឧត្តមសេនីយ៍ Abdoulaye Maiga ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី ។
កាលពីពេលថ្មីៗនេះ លោក Choguel បានរិះគន់ការខកខនរបស់របបសឹកក្នុងការរៀបចំការបោះឆ្នោតតាមការសន្យាផ្លាស់ប្តូរត្រឡប់ទៅកាន់របបប្រជាធិបតេយ្យក្នុងរយៈពេល ២៤ខែ ។
គួរឲ្យដឹងថា មេដឹកនាំយោធា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ បានសន្យាថានឹងរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ប៉ុន្តែបានពន្យារពេលការបោះឆ្នោតដោយគ្មានកំណត់សម្រាប់ហេតុផលបច្ចេកទេស ។
កាលពីសប្តាហ៍មុន លោក Choguel បាននិយាយថា ពុំមានការជជែកដេញដោលលើការពន្យារពេលការបោះឆ្នោតនៅក្នុងរដ្ឋាភិបាលនោះទេ ហើយលោក បានដឹងពីការសម្រេចចិត្តរបស់របបយោធា ពីប្រព័ន្ធផ្សព្វផ្សាយ។
ប្រភពព័ត៌មានជិតស្និទ្ធនឹងលោក Choguel បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សេចក្តីអត្ថាធិប្បាយរបស់លោក បង្កឲ្យមានភាពតានតឹងជាមួយរបបយោធា ដោយបង្ខំឲ្យពន្យារពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលគ្រោងធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ៕