រុស្ស៊ីបានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមលឿនជាងសំឡេងទៅលើទីក្រុង ឌីនីប្រូ (Dnipro)កាលពីថ្ងៃព្រហស្បតិ៍២១ វិច្ឆិកាសប្ដា៍នេះ ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យទីក្រុង Kyiv វាយលុកទឹកដីរុស្ស៊ីដោយអាវុធទំនើបៗរបស់លោកខាងលិច ជាការកើនឡើងកម្ដៅបន្ថែមទៀតនៃសង្គ្រាមដែលមានអាយុកាល៣៣ខែមកនេះ។
ក្នុងសុន្ទរកថាតាមទូរទស្សន៍លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ដោយមីស៊ីលអន្តរទ្វីបបាលីស្ទីកប្រភេទថ្មី ដែលគេស្គាល់ថា អូរ៉េស្នីក(Oreshnik) ហើយបានព្រមានថា នៅមានច្រើនទៀតអាចនឹងកើតឡើង។

លោក Putin បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិធ្វើឡើងដោយទូរទស្សន៍រដ្ឋបន្ទាប់ពីម៉ោង ៨ យប់ម៉ោងនៅទីក្រុងមូស្គូ ថា ជម្លោះក្នុងតំបន់នៅប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយលោកខាងលិចមានបែបផែនជាជម្លោះសកល ។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានជូនដំណឹងជាមុនដោយរុស្ស៊ីភ្លាមៗមុនពេលការវាយប្រហាររបស់ខ្លួន ខណៈអ្នកផ្សេងទៀតបាននិយាយថាពួកគេបានទទួលដំណឹងពីទីក្រុង Kyiv និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អំពីការត្រៀមសម្រាប់ការប្រើប្រាស់អាវុធបែបនេះ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទីក្រុង Kyiv បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាអាវុធដែលផលិតឡើងសម្រាប់ការវាយប្រហារដោយនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ និងមិនធ្លាប់មានក្នុងសង្រ្គាម ទោះបីជាមន្ត្រីអាមេរិកបាននិយាយថា នោះជាមីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមដែលមានរយៈចម្ងាយខ្លីក៏ដោយ ហើយបើការបញ្ជាក់ថាជាមីស៊ីលអន្តរទ្វីបបាលីស្ទីកមែន នោះមិនមែនត្រឹមតែជាលើកដំបូងក្នុងសង្គ្រាមប៉ុណ្ណោះ តែជាប្រវត្តិសាស្ត្រ៕