ក្រសួងការពារជាតិចិន បានស្តីបន្ទោសជំហរដ៏រឹងរូសនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ ដែលធ្វើឱ្យរដ្ឋមន្ត្រីរបស់ខ្លួនមិនបានជួបសមភាគីអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះនៅប្រទេសឡាវ។

ក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បានបដិសេធសំណើររបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) លើការជួបប្រជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ថា "ភាគីអាមេរិក មិនអាចធ្វើឱ្យខូចផលប្រយោជន៍ស្នូលរបស់ចិន លើបញ្ហាកោះតៃវ៉ាន់ ក្នុងពេលដែលចូលរួមជាមួយយោធាចិន ដោយធ្វើដូចជាគ្មានរឿងអ្វីបានទេ"។ អ្នកនាំពាក្យបន្តថា ការខកខាននៃជំនួបនោះគឺជា "ការទទួលខុសត្រូវទាំងស្រុង" របស់អាមេរិក។

ការលើកឡើងនេះបានចោទជាសំណួរថា តើមានតែការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះកោះស្វ័យគ្រប់គ្រងនេះមែនទេ ដែលអាចស្តារឡើងវិញនូវកិច្ចចរចាយោធា និងយោធា នៅកម្រិតរដ្ឋមន្ត្រីការពារជាតិរវាងប្រទេសទាំងពីរបាន។
អ្នកនាំពាក្យចិនក៏បានជំរុញឱ្យអាមេរិក "កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់" និងខិតខំបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរយោធាកម្រិតខ្ពស់រវាងភាគីទាំងពីរ។ ប្រមុខការពារជាតិអាមេរិក លោក Austin បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការពិតដែលសមភាគីចិនរបស់លោកបានបដិសេធមិនជួបប្រជុំនោះ គឺមិនមានផលប៉ះពាល់អ្វីដល់អនាគតរវាងមហាអំណាចទាំងពីរទេ៕