ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានអំពាវដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ និងទេសចរមានឱកាសសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ! ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០។
ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយ ក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះនៅទូទាំងប្រទេស»៕

