ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden និងរុស្ស៊ីបានធ្វើសកម្មភាពដាច់ដោយឡែកពីគ្នា ប៉ុន្តែសំខាន់ក្នុងគោលបំណងជះឥទ្ធិពលដល់លទ្ធផលនៃសង្គ្រាមនៅអ៊ុយក្រែន ពីរខែមុនការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន។

គេបានមើលឃើញទីក្រុងមូស្គូបង្កើនផលចំណេញជាអតិបរមា ហើយលោក Biden បោះបង់ចោលបន្ទាត់ក្រហមដែលបានក្ដាប់ក្នុងដៃជាយូរមកហើយ មុនពេលលោកTrump ព្យាយាមធ្វើតាមការអះអាងរបស់លោកដែលថាលោកអាចនឹងបញ្ចប់សង្រ្គាមនេះក្នុងរយៈពេល ២៤ ម៉ោង។

អ៊ុយក្រែនបានធ្វើសកម្មភាពរួចហើយលើការសម្រេចចិត្តរបស់លោក Biden ក្នុងការអនុញ្ញាតឱ្យក្រុង Kyiv បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ អាតាខឹមស៍ (Atacms)ដំបូងចូលក្នុងទឹកដីរុស្ស៊ី។ ខណៈទីក្រុង Kyiv តស៊ូក្ដោបក្ដាប់ទឹកដីរបស់ខ្លួននៅភាគខាងកើត។ លោក Biden បានសន្យាបញ្ជូនគ្រាប់មីនប្រឆាំងមនុស្សផងដែរ ជាផ្នែកមួយនៃជំនួយយោធាថ្មីដែលមានតម្លៃជិត ៣០០លានដុល្លារ។
លោក Putin បានបង្កើនភាពតានតឹងបន្ថែមទៀត ដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ ទីក្រុងមូស្គូបានអះអាងថា គ្មានការបរាជ័យនៅលើសមរភូមិឡើយ។
អ្នកធ្វើអត្ថាធិប្បាយរុស្ស៊ីម្នាក់ បានលើកឡើងថាលោក Putin អាចចាត់ទុកស្ថានភាពបច្ចុប្បន្ននៅចន្លោះពេលនេះ ថាសមរភូមិសង្រ្គាមនៅអ៊ុយក្រែនកាន់តែក្ដៅខ្លាំង។

នៅដើមសប្តាហ៍នេះ រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែនអស់រយៈពេលជិតបីខែ។ស្របពេលមានក្ដីបារម្ភពីការវាយប្រហារជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍ ស្ថានទូតលោកខាងលិចជាច្រើនបានបិទទ្វារ។
លោក Mykhaylo Samus ប្រធានបណ្តាញស្រាវជ្រាវភូមិសាស្ត្រនយោបាយថ្មីនៅអ៊ុយក្រែននិយាយថារុស្ស៊ីបាននិងកំពុងស្តុកទុកមីស៊ីលIskanderនិងKinzhalរាប់រយគ្រាប់អស់ជាច្រើនសប្តាហ៍ សម្រាប់វាយប្រហារ និងជាសារមួយមុនពេលការផ្ទេរអំណាចនៅវ៉ាស៊ីនតោនឌីស៊ី ដើមឆ្នាំក្រោយ៕