មន្ត្រីលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់ នៅភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ក្នុងការជំរុញយុទ្ធនាការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា ខណៈអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក បានព្យាយាមបន្តកិច្ចចរចាបទឈប់បាញ់នៅអ៊ីស្រាអែល។

អ្នកសម្រុះសម្រួលអាមេរិក លោក អាមូស ហូចស្តេន (Amos Hochstein) ដែលបាននិយាយថាបទឈប់បាញ់គឺ "ស្ថិតក្នុងដៃរបស់យើង" ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់លីបង់ ក្នុងសប្ដាហ៍នេះ បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍ភ្លាមៗពីវឌ្ឍនភាពនៃកិច្ចពិភាក្សាទេ។

ដោយចង្អុលបង្ហាញថានៅតែមានចន្លោះប្រហោងដែលត្រូវបិទក្នុងកិច្ចចរចានោះ មន្ត្រីជាន់ខ្ពស់លីបង់បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីក្រុងបេរូត បានស្វះស្វែងរកការផ្លាស់ប្តូរចំពោះសំណើបទឈប់បាញ់របស់អាមេរិក ដើម្បីរួមបញ្ចូលការធានាឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលកាន់តែលឿនចេញពីភាគខាងត្បូងលីបង់។

កិច្ចប្រឹងប្រែងការទូតនេះគឺជាការប៉ុនប៉ងដ៏ម៉ឹងម៉ាត់បំផុតដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ជាផ្នែកមួយនៃការរាលដាលក្នុងតំបន់នៃសង្រ្គាមហ្កាហ្សា ដែលបានផ្ទុះឡើងជាងមួយឆ្នាំមុន៕