ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (២២ វិច្ឆិកា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទប្រកាន់សហរដ្ឋអាមេរិក ថាបានបង្កើនភាពតានតឹង និងការបង្កហេតុ ដោយព្រមានថា ឧបទ្វីបកូរ៉េមិនដែលប្រឈមមុខនឹងហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរដូចពេលនេះទេ។

នៅក្នុងសុន្ទរកថាមួយនៅឯពិព័រណ៌យោធាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងព្យុងយ៉ាង លោក គីម បានលើកឡើងថា បទពិសោធន៍ពីមុនរបស់លោកនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន គ្រាន់តែបង្ហាញពីគោលនយោបាយ "ដ៏ឈ្លានពាន និងអរិភាព" របស់អាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ។

គួររម្លឹកថា ក្នុងអំឡុងពេលអាណត្តិសេតវិមានដំបូងរបស់ខ្លួន លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ និងលោក គីម បានជួបប្រជុំគ្នាដែលមិនធ្លាប់មានពីមុនមកចំនួនបីលើក នៅសិង្ហបុរី ទីក្រុងហាណូយ និងនៅព្រំដែនកូរ៉េ ក្នុងឆ្នាំ២០១៨ និង២០១៩។ ប៉ុន្តែការទូតរបស់ភាគីទាំងពីរបានបរាជ័យមិនសម្រេចបានលទ្ធផលជាក់ស្តែងណាមួយទេ ជុំវិញការខ្វែងគំនិតគ្នា ដោយសារតែអាមេរិក ចង់ឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈលោក គីម ទាមទារឱ្យបន្ធូរបន្ថយទណ្ឌកម្ម។

នៅក្នុងសុន្ទរកថានោះ មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសព្វាវុធឱ្យទៅជា "ទំនើបបំផុត" ហើយបានប្តេជ្ញាថានឹងបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីពង្រឹងជំហរយុទ្ធសាស្ត្ររបស់ប្រទេស៕