ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារលើរថយន្តដឹកអ្នកដំណើរនៅក្នុងតំបន់កុលសម្ព័ន្ធមួយកន្លែងនៅភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១នាក់ និងរងរបួស២៩នាក់ផ្សេងទៀត នេះបើយោងតាមប្រធានរដ្ឋមន្ត្រីប្រចាំខេត្ត Khyber Pakhtunkhwa លោក Nadeem Aslam Chaudhry។

លោក Chaudhry និយាយថា ក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារ ដែលបានកើតឡើងនៅក្នុងស្រុកកុលសម្ព័ន្ធ Kurram រួមមានស្ត្រីម្នាក់ និងកុមារម្នាក់។
វាគឺជាសោកនាដកម្មដ៏ធំធេង ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។ ភាពតានតឹង បានកើតមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងពលរដ្ឋមូស្លីមនិកាយស៊ីអ៊ីតនិងនិកាយស៊ុននីប្រដាប់អាវុធ ជុំវិញជម្លោះដីធ្លីក្នុងតំបន់កុលសម្ព័ន្ធជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។

គ្មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះនៅឡើយទេ។
ពលរដ្ឋក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា មានរថយន្តដឹកអ្នកដំណើរពីរគ្រឿង មួយគ្រឿងដឹកអ្នកដំណើរពីទីក្រុង Peshawar ទៅទីក្រុង Parachinar និងមួយគ្រឿងទៀតពី ទីក្រុងParachinar ទៅទីក្រុង Peshawar នៅពេលនោះ ជនប្រដាប់អាវុធបានបាញ់ប្រហារទៅលើរថយន្តដឹកអ្នកដំណើរទាំងនេះ។
ប្រធានាធិបតី លោក Asif Ali Zardari បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើរថយន្តដឹកអ្នកដំណើរ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក។