យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួន ហើយមន្រ្តី ៣ នាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ២១ខែវិច្ឆិកា សប្ដាហ៍នេះ ក្នុងអំឡុងពេលដើរក្បួនក្នុងទីក្រុង ហ្គីតូ(Quito) ប្រឆាំងគោលនយោបាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Daniel Noboa និងវិបត្តិថាមពលដែលកំពុងបន្តនៅក្នុងប្រទេសតំបន់ភ្នំអង្គមួយនេះ ។

ការហែក្បួនដែលរួមមានសមាជិកសហជីព និស្សិត និងក្រុមសង្គមស៊ីវិល បានបន្តដំណើរតាមដងផ្លូវនៃរដ្ឋធានីឆ្ពោះទៅកាន់វិមានប្រធានាធិបតី។
ក្រុមអ្នកតវ៉ាបានសម្តែងការមិនយល់ស្របចំពោះការកាត់ផ្តាច់ចរន្តអគ្គិសនីរបស់រដ្ឋាភិបាល និងយល់ឃើញថា កង្វះការវិនិយោគក្នុងវិស័យអប់រំ ស្ថិតក្នុងចំណោមបញ្ហាផ្សេងៗទៀត។

ភាពតានតឹងបានកើនឡើងនៅពេលរនាំងរារាំងក្រុមបាតុករ មិនឱ្យរុលទៅមុខក្នុងរដ្ឋធានីហ្គីតូ ត្រូវបានរុះរើ។ អ្នកខ្លះប៉ុនប៉ងបំពានលើផ្លូវដែលត្រូវបានបិទដោយកងកម្លាំងនគរបាល ដោយគប់ដុំថ្ម និងវត្ថុផ្សេងៗ លើក្រុមមន្ត្រី។
បច្ចុប្បន្នអេក្វាឌ័រកំពុងជួបប្រទះគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាង ៦០ ឆ្នាំ ដោយបានរុញឱ្យប្រទេសដែលពឹងផ្អែកលើវារីអគ្គិសនីធ្លាក់ក្នុងវិបត្តិថាមពល។ កម្រិតអាងស្តុកទឹកបម្រុងមានការថយចុះ បាននាំឱ្យទំនប់វារីអគ្គិសនីលែងដំណើរការ ដោយបង្ខំឱ្យរដ្ឋាភិបាលកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល១៤ ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរក្សាការផ្គត់ផ្គង់អគ្គិសនី។
លោក Noboa ដែលបានឈ្នះការបោះឆ្នោតមុនអាណត្តិ នឹងប្រារព្ធខួបឆ្នាំដំបូងរបស់លោកជាប្រធានាធិបតីនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ លោកមានបំណងឈរឈ្មោះបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៥ខាងមុខ៕