រដ្ឋមន្ត្រីក្រសួងថាមពលបារាំង លោកស្រី អាញ៉េស ប៉ាញេ រូណាជែ(Agnes Pannier-Runacher) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លំនៅឋានប្រហែល ១៧០.០០០ខ្នង នៅភាគខាងលិចប្រទេសបារាំង បានដាច់ចរន្តអគ្គិសនី ដោយសារតែការធ្លាក់ព្រិលខ្លាំងនាំមកដោយព្យុះ Caetano ។

និយាយនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Pannier-Runacher បាននិយាយថា បុគ្គលិកជាង ១,៤០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួសជុលបណ្តាញអគ្គិសនីដែលខូចខាត។
ទោះបីជាយ៉ាងណា ចំនួនគ្រួសារតាមខ្នងផ្ទះដែលរងផលប៉ះពាល់ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ក្នុងពេលព្យុះនៅបន្ត ដែលបានបោកបក់ដល់ដីគោកនៅភាគខាងលិចប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍។
លោកស្រីរដ្ឋមន្ត្រី និយាយថា ព្រិលធ្លាក់បានបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ ដោយសីតុណ្ហភាព ធ្លាក់ចុះក្រោមកម្រិតត្រជាក់ខ្លាំង ដោយលោកស្រី បានជំរុញឱ្យប្រជាជន មានការប្រុងប្រយ័ត្ន ជាពិសេសទាក់ទងនឹងការកើនឡើងហានិភ័យនៃទឹកកកខ្មៅ។

ព្យុះនេះ ក៏បានបង្កការរំខានយ៉ាងខ្លាំង ខណៈអាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសបារាំង បានរាយការណ៍ថា មានការពន្យារជើងហោះហើរនៅអាកាសយានដ្ឋាន ឆាលដេហ្គោល(Charles de Gaulle) ទីក្រុងប៉ារីស និងបានណែនាំក្រុមហ៊ុនអាកាសចរណ៍ឱ្យលុបចោលជើងហោះហើរចំនួន១០ភាគរយ ពីមជ្ឈមណ្ឌលអាកាសចរណ៍ធំបំផុតរបស់ប្រទេស ដោយសារតែអាកាសធាតុមិនអំណោយផល។
ក្រុមហ៊ុនផ្លូវអាយស្ម័យយានជាតិបារាំង ក៏បានប្រកាសនៅលើបណ្តា្ផ្សព្វផ្សាយសង្គមថា សេវារថភ្លើងល្បឿនលឿននៅភាគខាងលិច និងភាគនិរតីប្រទេសបារាំង ត្រូវបានផ្អាក ឬត្រូវបានកំណត់សម្រាប់ហេតុផលសុវត្ថិភាព។