សារព័ត៌មាន The Wall Street Journal រាយការណ៍ថា ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់ប្រទេសកូរ៉េខាងជើង បានរងរបួសនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ជាកន្លែងដែលកងកម្លាំងយោធាអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយលុកឆ្លងព្រំដែន។

សារព័ត៌មានអាមេរិកមួយនេះ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នេះជាលើកដំបូងហើយដែលមន្ត្រីលោកខាងលិច បាននិយាយថា មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង បានរងរបួស។រដ្ឋាភិបាលអាមេរិកនិយាយថា ទាហានកូរ៉េខាងជើងដែលទើបបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី កំពុងចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ីនៅតំបន់ Kursk។

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច រាយការណ៍ថា យោធាអ៊ុយក្រែន បានចាប់ផ្តើមប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ រួមទាំងមីស៊ីលដែលផ្តល់ឲ្យដោយសហរដ្ឋអាមេរិក សម្រាប់ការវាយលុកនៅក្នុងទឹកដីរបស់រុស្ស៊ី។
របាយការណ៍ បាននិយាយថា មីស៊ីល Storm Shadow ផ្តល់ឲ្យដោយចក្រភពអង់គ្លេស ត្រូវបានបាញ់ចូលទៅក្នុងតំបន់ Kursk កាលពីថ្ងៃពុធ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា ថាចំនួនទាហានកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយនៅភាគខាងលិចប្រទេសរុស្ស៊ី អាចកើនឡើងដល់១០០.០០០នាក់។