ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានថ្កោលទោសសេចក្តីសម្រេចមួយ ដែលទើបនឹងអនុម័តដោយ គណៈកម្មាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះថា ជា«ការបង្កហេតុនយោបាយ»។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងសេចក្តីប្រកាសព័ត៌មានដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់ប្រទេសនេះ។
កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) គណៈកម្មាធិការទី៣នៃមហាសន្និបាតUN បានអនុម័តសេចក្តីសម្រេចមួយ ដោយហៅស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើងថា «មានលក្ខណៈធ្ងន់ធ្ងរ» និងជំរុញឲ្យលុបចោលច្បាប់ដែលគាបសង្កត់សេរីភាពនៃការគិត ការបញ្ចេញមតិ និងសាសនារបស់ប្រជាជន ដែលនាំឲ្យមានការចេញសេចក្តីសម្រេចប្រចាំឆ្នាំលើបញ្ហានេះ រយៈពេល២០ឆ្នាំជាប់ៗគ្នា។

ក្រសួងការបរទេសកូរ៉េខាងជើង បានហៅសេចក្តីសម្រេចនេះ ថា «ជាការបង្កនយោបាយយ៉ាងធ្ងន់ធ្ងរ រំលោភលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេសនេះ ដោយនិយាយថា ខ្លួន «ថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងនូវអ្វីដែលបានលើកឡើងនេះ»។
ក្រសួងបានបញ្ជាក់ថា៖«យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពិតដែលថា ការអនុវត្តនៃការអនុម័តដំណោះស្រាយ ... កំពុងប្រែទៅជាមធ្យោបាយនយោបាយសម្រាប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើឲ្យខូចមុខមាត់របស់រដ្ឋឯករាជ្យនិងអធិបតេយ្យភាព»។