របាយការណ៍ និងរូបថតរបស់កូរ៉េខាងជើង បានបង្ហាញនៅថ្ងៃសុក្រនេះថា ការតាំងពិព័រណ៌សព្វាវុធរបស់កូរ៉េខាងជើង បានបង្ហាញពីអាវុធចុងក្រោយបង្អស់របស់ប្រទេសនេះ រាប់ចាប់ពីយានដ្រូនទម្លាក់គ្រាប់បែក អត្តឃាត រហូតដល់មីស៊ីលបាលីស្ទីកអន្តរទ្វីប( ICBMs)។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ការតាំងពិព័រណ៍ «ការអភិវឌ្ឍន៍ការពារជាតិ-2024» បានបើកនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពី «ការបង្កើនឥទ្ធិពលនិងការរីកចម្រើនទៅមុខដ៏អស្ចារ្យ»របស់ប្រទេសនេះ។

KCNA បាននិយាយថា ការតាំងពិព័រណ៍នេះ បាននាំមកនូវផលិតផលការពារជាតិចុងក្រោយបង្អស់មានដូចជាអាវុធតាក់ទិច និងយុទ្ធសាស្ត្រ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងផលិតស្របតាមបច្ចេកវិទ្យាទំនើប។
ការតាំងពិព័រណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី«ការតាំងពិព័រណ៍អាវុធ-2023» ដែលប្រទេសកូរ៉េខាងជើងធ្វើជាម្ចាស់ផ្ទះ កាលពីខែកក្កដា ឆ្នាំមុន ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ដែលបានចូលរួម ដោយប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ។
ពិព័រណ៌នៅឆ្នាំនេះ បានបង្ហាញនូវវិសាលភាពនៃសព្វាវុធយ៉ាងទូលំទូលាយ ដោយរាប់ចាប់ពីកាំភ្លើង និង រថក្រោះ រហូតដល់មីស៊ីលបាញ់ពីដីទៅលើអវកាសសម្រាប់បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍។ នេះបើយោងតាមរូបថត ដែលចេញផ្សាយដោយ KCNA។