អ្នកការទូតជាន់ខ្ពស់និងក្រុមអ្នកជំនាញ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប (EU) និងប្រទេសចិន ចំពេលមានបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើង។

នៅក្នុងវេទិកា EU-China ដែលបានធ្វើឡើងនៅទីក្រុងប្រ៊ុចសែល អ្នកចូលរួមជិត ៥០០នាក់ បានពិភាក្សាអំពីវិធីជំរុញទំនាក់ទំនង EU-ចិន នៅមុនខួបលើកទី៥០ នៃទំនាក់ទំនងការទូតរបស់ពួកគេ នៅឆ្នាំក្រោយ។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Cai Run ប្រធានបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង EU និងប្រទេសចិន បានរីកចម្រើន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងទៅនេះ។

លោក Cai បាននិយាយថា៖«សហភាពអឺរ៉ុប និងចិន គឺជាកម្លាំងសំខាន់ពីរ ដែលជំរុញឲ្យមានពហុភាគី ទីផ្សារសំខាន់ពីរ ដែលគាំទ្រដល់សកលភាវូបនីយកម្ម និងអរិយធម៌ដ៏អស្ចារ្យពីរ ដែលគាំទ្រភាពចម្រុះ ដោយគូសបញ្ជាក់ថា ទំនាក់ទំនង EU-ចិន ដែលមានការអភិវឌ្ឍល្អ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពសកលផង ដែរ។
លោក Cai បានអំពាវនាវឲ្យEU និងចិនដាក់ខ្លួនពួកគេ ជាដៃគូជាជាងគូប្រជែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជំនួសឲ្យការបន្ត «ការផ្តាច់ចំណងទំនាក់ទំនង» និងធ្វើការរួមគ្នា ដើម្បីនាំមកនូវស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក ជាជាងការបន្ថែមភាពស្មុកស្មាញ។