ក្រុមបរិស្ថានដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវដែល្លី បានអំពាវនាវឲ្យមានវិធានការបន្ទាន់ប្រឆាំងនឹងវិបត្តិកង្វក់បរិយាកាសនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។

លោក Mohan George ដែលបម្រើការជាអ្នកពិគ្រោះយោបល់សម្រាប់ខ្យល់អាកាសបរិសុទ្ធ និងការចល័តប្រកបដោយនិរន្តរភាពនៅមន្ទីរស្រាវជ្រាវវិទ្យាសាស្រ្ត និងបរិស្ថានឥណ្ឌា និយាយថា ពួកយើងបានយឺតយ៉ាវរួចទៅហើយ ពួកយើងខាតពេលច្រើនណាស់ ។ ស្ថានភាពគឺអាក្រក់ខ្លាំងណាស់ទៅហើយ ។

លោក George បន្តថា ការរួមចំណែកដ៏សំខាន់សម្រាប់ពេលនេះ គឺការដុតកាកសំណល់កសិកម្ម និងការបំភាយឧស្ម័នរបស់រថយន្ត ។
លោកថា ការដុតកាកសំណល់កសិកម្មទាំងនេះ គឺជាអ្នកបង្ករោគ ដោយសារក្រោយពីប្រមូលផលរួច ប្រជាកសិករព្យាយាមសម្អាតកសិដ្ឋានរបស់ពួកគេឲ្យបានលឿនបំផុត ហើយវិធីដែលងាយស្រួលសម្រាប់ពួកគេ គឺដុតកាកសំណល់កសិកម្មទាំងអស់នោះ ។ ជាការពិតណាស់ថា កាលពីរយៈពេលប៉ុន្មានឆ្នាំមុន មាននូវការប៉ុនប៉ងយ៉ាងសកម្ម ដើម្បីបញ្ឈប់សកម្មភាពទាំងអស់នេះ ប៉ុន្តែវានៅតែបន្តកើតឡើង ។

គុណភាពខ្យល់នៅតំបន់ភាគខាងជើងឥណ្ឌា កាន់តែធ្ងន់ធ្ងរខ្លាំងរយៈពេលជាង ១សប្តាហ៍កន្លងមកនេះ ដោយផ្សែងអ័ព្ទពុល ធ្វើឲ្យមើលលែងឃើញវិមានដ៏ល្បីឈ្មោះ Taj Mahal របស់ឥណ្ឌា ស្ថិតនៅចម្ងាយប្រហែល ២២០គ.មពីរដ្ឋធានីញូវដែល្លី ក៏ដូចជាទីសក្ការៈដ៏ពិសិដ្ឋបំផុតរបស់សាសនាស៊ីក គឺប្រាសាទមាស ស្ថិតនៅក្នុងទីក្រុង Amritsar ខេត្ត Punjab ។
ទីក្រុងដែល្លី បានប្រឈមនឹងផ្សែងអ័ព្ទពុលរាល់រដូវរងា ពេលដែលសីតុណ្ហភាពចុះត្រជាក់ទាក់ជាប់ធូលីដី ការបំភាយឧស្ម័នរបស់រថយន្ត និងផ្សែងពីការដុតកាកសំណល់កសិកម្មខុសច្បាប់ ៕