ហៃទី៖ មេដឹកនាំក្រុមជនអន្ធពាលឈ្មោះថា 400 Mawozo ដែលនគរបាលនិយាយថា កំពុងចាប់ជំរិតសមាជិកក្រុមសាសនទូតអាមេរិក និងកាណាដាចំនួន ១៧នាក់ ត្រូវគេឃើញនៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ខ្លួននឹងសម្លាប់ពួកគេទាំងនោះប្រសិនបើមិនទទួលបានអ្វីដែលរូបគេកំពុងទាមទារនោះ។

វីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមបង្ហាញថា លោក Wilson Joseph ស្លៀកសម្លៀកបំពាក់ឈុតពណ៌ខៀវ កាន់មួកខៀវ និងពាក់ឈើឆ្កាងធំជុំវិញករបស់គេ។ គេបាននិយាយនៅក្នុងវីដេអូនោះថា "ខ្ញុំស្បថឲ្យរន្ទះបាញ់ថា ប្រសិនបើខ្ញុំមិនទទួលបានអ្វីដែលខ្ញុំសុំទេនោះ ខ្ញុំនឹងបាញ់គ្រាប់កាំភ្លើងចំក្បាលជនជាតិអាមេរិកទាំងនោះ។ លោកក៏បានគំរាមនាយករដ្ឋមន្ត្រី Ariel Henry និងស្នងការនគរបាលជាតិរបស់ប្រទេស Haiti ផងដែរ ខណៈពេលលោកនិយាយនៅមុខមឈូសបើកចំហ ដែលទំនងជាដាក់សមាជិកមួយចំនួននៃក្រុមរបស់គេ ដែលត្រូវបានសម្លាប់នាពេលថ្មីៗនេះ។ មេដឹកនាំក្រុមនេះក៏បាននិយាយផងដែរថា អ្នកធ្វើឱ្យខ្ញុំយំ។ ខ្ញុំយំចេញទឹកភ្នែក។ ប៉ុន្តែខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាយំវិញដោយស្រក់ឈាម។

ស្របពេលការទាមទារប្រាក់ ១៧លានដុល្លារជាថ្នូរនឹងការដោះលែងពួកគេ ពលរដ្ឋហៃទីរាប់រយនាក់បានបិទផ្លូវ និងដុតសំបកកង់រថយន្តក្នុងរដ្ឋធានីរបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឆាំងទៅនឹងកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការកើនឡើងនៃការចាប់ជំរិតមនុស្សដោយក្រុមជនអន្ធពាល។ ក្រុមជនអន្ធពាលនេះក៏ត្រូវបានគេដាក់ការស្ដីបន្ទោសផងដែរ ចំពោះការបិទស្ថានីយចែកចាយឧស្ម័ន និងការលួចយករថយន្តផ្គត់ផ្គង់ ដែលក្រុមមន្ត្រីបាននិយាយថាបាននាំឱ្យមានកង្វះខាតប្រេងឥន្ធនៈ។ ក្រុមបាតុករបានប៉ះទង្គិចជាមួយនគរបាលនៅតំបន់ខ្លះ ដោយក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលលាយឡំជាមួយនឹងផ្សែងខ្មៅក្រាស់ដែលហុយចេញពីការដុតសំបកកង់រថយន្តដែលជារបាំងការពារ៕
អត្ថបទ៖ សុខមាន