មន្ទីរបច្ចកោណ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនត្រូវបានគេជូនដំណឹងជាមុន មុនការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកប្រភេទថ្មី ។
នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រុស្ស៊ី បានឆ្លើយតបចំពោះ ការប្រើប្រាស់មីស៊ីលសហរដ្ឋអាមេរិក និងអង់គ្លេស ដោយទីក្រុងគីវ តាមរយៈការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង លើទីតាំងយោធារបស់អ៊ុយក្រែន ។
នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់លោកលើបណ្តាញព័ត៌មានសង្គម X ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy និយាយថា ការទទួលស្គាល់របស់លោក Putinចំពោះការប្រើប្រាស់អាវុធប្រភេទថ្មី គឺជាការកើនឡើងកម្តៅមួយទៀតនៅក្នុងសង្រ្គាមដែលបច្ចុប្បន្នមានរយៈពេលជាង ១ពាន់ថ្ងៃមកហើយ បន្ទាប់ពីការដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ទឹកដីរុស្ស៊ី ។
អ្នកនាំពាក្យរងរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Sabrina Singh និយាយថា អ្នកស្រីអាចបញ្ជាក់បានថា រុស្ស៊ីពិតជាបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបរយៈចម្ងាយមធ្យមពិសោធន៍ ។ មីស៊ីល IRBM ផ្អែកលើម៉ូដែលមីស៊ីលបាលីស្ទិកអន្តរទ្វីប RS-26 Rubezh របស់រុស្ស៊ី ។
អ្នកស្រីបន្តថា ទាក់ទងនឹងការជូនដំណឹងទៅកាន់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកត្រូវបានគេជូនដំណឹងភ្លាមៗមុនពេលបាញ់មីស៊ីល តាមបណ្តាញកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ ។
អ្នកស្រីនិយាយទៀតថា ពួកយើងយល់ឃើញថា នេះគឺជាវោហាសាស្រ្តដ៏គ្រោះថ្នាក់ និងធ្វេសប្រហែសពីលោក Putin ហើយអ្វីដែលពួកយើងផ្តោតសំខាន់ គឺបន្តគាំទ្រអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការ ៕