សហភាពអាហ្រ្វិក (AU) និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងឧស្សាហកម្មដែលមានភាពធន់ ហើយមានសមត្ថភាពស្វះស្វែងរកលំហូរ ដើម ទុនពីខាងក្រៅ ដើម្បីជំរុញសេចក្តីប្រាថ្នានៃការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិក។
ការអំពាវនាវរួមគ្នាដោយ AU អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និង គណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្រ្វិក (UNECA) ត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ ក្នុងឱកាសនៃទិវាឧស្សាហូបនីយកម្មនៃទ្វីបអាហ្រ្វិក ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២០ ខែវិច្ឆិកា ស្របតាមសេចក្តីសម្រេចរបស់ក្រុមមេដឹកនាំអាហ្វ្រិក ក្នុងឆ្នាំ ១៩៨៩។
ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ក្នុងការជំរុញឧស្សាហូបនីយកម្មរួមគ្នា ប្រកបដោយ រន្តរភាព និងមានភាពធន់ ដើម្បីជាផ្លូវសម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ទ្វីបអាហ្រ្វិក អង្គការទាំងបី បានគូសបញ្ជាក់ថា ឧស្សាហូបនីយកម្ម នៅតែជាចំណុចស្នូលនៃមហិច្ឆតាអភិវឌ្ឍន៍របស់ទ្វីបអាហ្វ្រិក។
ដោយកត់សម្គាល់ឃើញថា ឧស្សាហូបនីយកម្មមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចសង្គមរបស់ទ្វីបអាហ្រ្វិក ដូចជាភាពក្រីក្រ ភាពអត់ការងារធ្វើ និងវិសមភាព ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាងភាពធន់របស់ទ្វីបអាហ្រ្វិក ចំពេលមានឧបសគ្គជាច្រើននៅក្នុងបរិយាកាសឧស្សាហកម្មសកល ដែលកំពុងកើតឡើង ដោយសារការរំខានដល់ច្រវ៉ាក់ផ្គត់ផ្គង់សកល ផលវិបាកសេដ្ឋកិច្ចនៃជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកបរិស្ថាន។