អ្នកស្រី Karine Jean-Pierre គឺជាអ្នកនាំពាក្យសេតវិមាន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក បានធ្វើការច្រានចោលការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)កាលពីថ្ងៃព្រហស្បតិ៍ ចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់លោក ។
អ្នកស្រីនិយាយថា សហរដ្ឋអាមេរិក កំពុងពិភាក្សាលើជំហានបន្ទាប់របស់ខ្លួន ជាមួយដៃគូ រួមទាំងអ៊ីស្រាអែលផងដែរ ។
អ្នកស្រី Karine បន្តថា សូមស្តាប់ខ្ញុំ ដោយសារវាគឺជាលើកដំបូងដែលខ្ញុំមានឱកាសនិយាយពីបញ្ហាមួយនេះនៅទីនេះ ។ ពួកយើងសូមធ្វើការបដិសេធន៍ចោលជាមូលដ្ឋានចំពោះការសម្រេចចិត្តរបស់តុលាការ ចេញដីការចាប់ខ្លួនក្រុមមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល ។
អ្នកស្រីថា ពួកយើងនៅតែមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ដោយសារភាពប្រញាប់ប្រញាល់របស់ក្រុមរដ្ឋអាជ្ញា ស្វែងរកដីកាចាប់ខ្លួន និងកំហុសឆ្គងដំណើរការមានបញ្ហាដែលនាំឲ្យមានការសម្រេចចិត្តបែបនេះ ។
អ្នកស្រី Karine និយាយទៀតថា សហរដ្ឋអាមេរិក ដឹងច្បាស់ថា ICCពុំមានយុត្តាធិការលើបញ្ហានេះនោះឡើយ ។ អ្នកបានឮពួកយើងនិយាយរឿងនេះពីមុនរួចមកហើយ គឺពួកគេគ្មាននោះទេ ។ នៅក្នុងការសម្របសម្រួលជាមួយដៃគូ រួមទាំងអ៊ីស្រាអែល ពួកយើងនឹងពិភាក្សាឲ្យបានច្បាស់លាស់លើជំហានបន្ទាប់របស់ពួកយើង ៕