ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត បានបរិហារសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចេញដីកាចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ខណៈដែលប្រទេសទួរគី និងក្រុមសិទ្ធិមនុស្ស ស្វាគមន៍ចំពោះចំណាត់ការនេះ។
ជាមួយគ្នានេះ តុលាការក៏បានចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និងមេបញ្ជាការយោធារបស់ក្រុមហាម៉ាស លោក Mohammed Deif។ ដីកាទាំងនោះត្រូវបានចេញ ដើម្បីជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលជម្លោះនេះត្រូវបានចាប់ផ្តើមឡើងដោយសារតែការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក Netanyahu បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តប្រឆាំងនឹងជនជាតិជ្វីហ្វរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺអាចប្រៀបធៀបទៅនឹងការកាត់ក្តី Dreyfus សម័យទំនើប ហើយវានឹងបញ្ចប់តាមរបៀបដូចគ្នា»។ លោកកំពុងសំដៅទៅលើករណីររបស់លោក Alfred Dreyfus នៅសតវត្សរ៍ទី១៩ ដែលមេទ័ពជនជាតិជ្វីហ្វ ត្រូវបានកាត់ទោសខុសពីបទក្បត់ជាតិ នៅប្រទេសបារាំង មុនពេលប្រកាសឲ្យរួចទោស។
ចំណែកប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការចេញដីកាចាប់ខ្លួនរបស់ ICC ចំពោះមេដឹកនាំអ៊ីស្រាអែល គឺជារឿងដ៏គួរឲ្យហួសចិត្ត។ ហើយប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ប្រទេសអាហ្សង់ទីន «សូមប្រកាសពីការមិនយល់ស្របយ៉ាងខ្លាំងក្លា» ចំពោះការសម្រេចនេះ ដែល «មិនអើពើនឹងសិទ្ធិស្របច្បាប់របស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារឥតឈប់ឈររបស់អង្គការភេរវករ ដូចជាក្រុមហាម៉ាស និងហេសបូឡា»។
សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Bassem Naim បាននិយាយថា៖ «វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកយុត្តិធម៌ ហើយអាចនាំទៅរកការដោះស្រាយជូនជនរងគ្រោះជាទូទៅ ប៉ុន្តែវានៅមានកម្រិត និងជានិមិត្តរូប ប្រសិនបើវាមិនត្រូវបានគាំទ្រ ដោយគ្រប់មធ្យោបាយពីគ្រប់ប្រទេស ជុំវិញពិភពលោកទេនោះ»។
រីឯអាជ្ញាធរប៉ាឡេស្ទីន ដែលជាគូប្រជែងរបស់ក្រុមហាម៉ាស បានលើកឡើងថា៖ «ការសម្រេចចិត្តរបស់ ICC តំណាងឲ្យក្តីសង្ឃឹម និងទំនុកចិត្ត ចំពោះច្បាប់អន្តរជាតិ និងស្ថាប័នរបស់ខ្លួន»៕